ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

ចែករំលែក៖

ខេត្តព្រៃវែង៖​ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង លោក ស្បោង សារ៉ាត់​ បានលើកឡើងនៅព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០២២នេះថា៖ គណបក្សបានត្រៀមរួចជាស្រេចហើយ នៅតាមគោលដៅមូលដ្ឋាននៅទូទាំងប្រទេស ដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់ គ.ជ.ប។ លោកបន្តថា គណៈកម្មាធិការគណបក្សខេត្ត បានស្នើសុំទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ដើម្បីរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្នាក់ខេត្ត និងតាមបណ្ដាឃុំសង្កាត់ទាំង ១១៦ ឃុំ សង្កាត់ នៅទូទាំងខេត្តនាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ នេះព្រមៗគ្នា។​ ការលើកឡើង​បែបនេះ​​ គឺជាថ្ងៃដែលប្រទេសកម្ពុជា រៀបចំយុទ្ធនាការឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។

នាឱកាស​នោះ​ដែរ​ លោក​ នេត សាវឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង តំណាងសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេង លើគ្រប់វិស័យ នាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស។

សូមជម្រាបថា ក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅតាមដែនរដ្ឋបាលឃុំ សង្កាត់របស់ខ្លួនយ៉ាងអធឹកអធម តាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរឺម៉ក់ ជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្ស៕

ដោយ៖សហការី​


ចែករំលែក៖