ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១  ខែឧសភា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នៅខេត្តព្រៃវែង។

អញ្ជើញចូលរួមក្នុងពិធីបើក មានលោក- លោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុមប្រឹក្សាឃុំនិងប្រជាពលរដ្ឋដ៏ច្រើនកុះករ ។

ថ្លែងក្នុងពិធីឃោសនាសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ក្នុងខេត្តព្រៃវែង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ តម្កល់ផលប្រយោជន៍ជាតិជាធំ និងមានទំនួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់គណបក្ស ដែលសកម្មភាពអស់ទាំងនេះនឹងនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើការបោះឆ្នោតជារៀងរហូតមក។ ប៉ុន្តែក៏ត្រូវចាប់អារម្មណ៍ផងដែរថា គណបក្សដ៏ទៃដែលមកឈរឈ្មោះបោះឆ្នោតនៅក្នុងឃុំរបស់យើង គេក៏ចង់ទទួលបានជ័យជម្នះដូចយើងដែរ ដូច្នេះសូមបេក្ខជនទាំងពេញសិទ្ធិ និងបម្រុងត្រូវខិតខំទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋឲ្យខាងតែបាន ជាពិសេសបេក្ខជនដែលកំពុងនៅក្នុងតំណែងត្រូវតែបន្តបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អនិងទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានបញ្ជាក់ថា សមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យក្រុមប្រឹក្សាឃុំរបស់យើងអនុវត្តគោលការណ៍នេះឲ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងបោះឆ្នោតសកលឆ្នាំ២០២៣ ទទួលបានជ័យជម្នះ ។

ជាមួយគ្នានោះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានជំរុញឲ្យធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឃុំ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ទន្ទឹមនោះក៏បានជំរុញដល់បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ មានសមត្ថភាពដឹកនាំ មានភាពម្ចាស់ការ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានបន្ថែមថា ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យដ៏មហិមា ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖