ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់នឹងផ្តល់អាវុធជាច្រើនឱ្យប្រទេសអ៊ុយក្រែន

ចែករំលែក៖

អាល្លឺម៉ង់ បានកំណត់ពេលវេលា ផ្តល់អាវុធធុនធ្ងន់ជាច្រើនឱ្យប្រទេសអ៊ុយក្រែនដើម្បីការពារទីតាំងសំខាន់ៗ នៅក្នុងប្រទេសនេះ។ តាមគម្រោង អាល្លឺម៉ង់នឹងប្រគល់រថក្រោះប្រឆាំងយន្តហោះចម្បាំងចំនួន១៥គ្រឿងដំបូងទៅឱ្យអ៊ុយក្រែន ក្នុងខែកក្កដា។
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រីជ (Christine Lambrecht) បានឯកភាពលើការផ្តល់នេះក្នុងអំឡុងកិច្ចសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡេកស៊ី រ៉េសនីកូវ (Oleksii Reznikov) តាមប្រព័ន្ធអនឡាញ។ បើតាមប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់, រថក្រោះ Gepard នឹងត្រូវផ្តល់ជាមួយគ្រាប់រំសេវក្នុងចំនួនល្មមគ្រប់គ្រាន់។
កាលពីចុងខែមេសា អាល្លឺម៉ង់បានប្រកាសថានឹងផ្តល់អាវុធុនធ្ងន់ដល់ទីក្រុងកៀវ ជាលើកដំបូងបំផុត រួមមានដូចជារថក្រោះ Gepard នេះជាដើម ហើយក៏បានសន្យាផ្តល់កាំភ្លើងធំ howitzer ចំនួន៧គ្រឿង រួមទាំងផ្តល់ការបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែនឱ្យចេះពីរបៀបប្រើប្រាស់ផងដែរ។
នៅពេលនេះរុស្ស៉ីបានប្រកាសជ័យជម្នះទាំងស្រុងលើរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីក្រុមចុងក្រោយនៃអ្នកប្រយុទ្ធរបស់អ៊ុយក្រែន បានទម្លាក់អាវុធចុះចាញ់។
រយៈពេលប៉ុន្មានខែមកនេះ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនបានសំងំនៅក្នុងរោងចក្រ Azovstal ដែលជាហេតុធ្វើឱ្យរុស្ស៉ី មិនអាចបង្កើត ការគ្រប់គ្រងទាំងស្រុងលើទីក្រុង Mariupol បាន ទោះបីជាទីក្រុងភាគខាងត្បូងមួយនេះ ត្រូវកងទ័ព
រុស្ស៉ីកាន់កាប់សឹងទាំងអស់ក៏ដោយ។
យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកប្រយុទ្ធទាំងនោះ បានចាប់ផ្តើមទម្លាក់អាវុធចុះចាញ់រុស្ស៉ី ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអះអាងថា លោកបានអនុញ្ញាតឱ្យពួកគេបិទបញ្ចប់បេសកកម្មការពាររោងចក្រ Azovstal៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖