ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៉ិត សំហេង ដឹកនាំសមាជិកគណបក្ស ប្រមាណ៤ ៣០០នាក់ ចូលរួមបើកយុទ្ធនាការ នៅក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានដឹកនាំសមាជិក សមាជិការរបស់ គណបក្សប្រជាជនកម្ពុជា ប្រមាណ៤ ៣០០នាក់ ចូលរួមបើកយុទ្ធនាការរកសំលេងឆ្នោត នៅក្នុងសង្កាត់ទាំង១២ នៃខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើ​តាមការបញ្ជាក់ពី​លោកបណ្ឌិត​ អ៉ិត​ សំហេង​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២។ 

មានប្រសាសន៍លើកឡើង នៅក្នុងឱកាសបើកយុទ្ធនាការនោះដែរ លោកបណ្ឌិត អ៉ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះ ចំពោះសមិទ្ធផលនានារបស់សង្កាត់ទាំង១២ ក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង  ដែលបានសម្រេចរយៈពេលមួយអាណត្តិកន្លងមកនេះ។ លោកបណ្ឌិត បញ្ជាក់បន្ថែមថា ជាការពិតណាស់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ជាប្រមុខដ៍ឈ្លាសវៃ ពេញមួយអាណតិ្តកន្លងទៅនេះ បក្សទាំងមូល រាជរដ្ឋាភិបាល អាជ្ញាធរ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ បានអនុវត្តគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដោយឃុំ-សង្កាត់នីមួយៗសុទ្ធតែមានការអភិវឌ្ឍ សុវត្ថិភាពរឹងមាំប្រជាជនកាន់តែមានជីវភាពប្រសើរឡើង  ហើយបានរស់នៅប្រកបដោយសុភមង្គលក្រោមម្លប់នៃសន្តិភាព និងក្រោមម្លប់នៃបារមីដ៍ត្រជាក់នៃ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ  ដើម្បីពង្រឹង ពង្រីកសមិទ្ធផលគ្រប់ផ្នែក គ្រប់វិស័យនៅឃុំ-សង្កាត់រយៈពេលប្រាំឆ្នាំបន្តទៀត គណបក្សប្រជាជន កម្ពុជាក៍បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ដោយផ្តល់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់លើការដឹកនាំ គ្រប់គ្រង ចាត់ចែងការងាររដ្ឋបាល សន្តិសុខសណ្តាប់ឆ្នាប់ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បតិ្ត បុគ្គលិក និងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋាននានា ព្រមទាំងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់។ បន្តការផ្ទេរធនធានបន្ថែម១% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ និងបង្កើនការចែករំលែកចំណូលសារពើពន្ធរដ្ឋបាលរាជធានី ខេត្ត ៦% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ចាប់ពី ឆ្នាំ ២០២៤ទៅ ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅគ្រប់មូលដ្ឋាន។ គោលនយោបាយនេះ ត្រូវបាន កសាងឡើង ដោយឈរលើមូលដ្ឋានការពិតជាក់ស្តែងនៃការរីកចម្រើនរបស់សង្គមជាតិ ហើយគណបក្ស ប្រជាជន កម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងស្មារតីជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ក្នុងការ បម្រើ ប្រជាជន ដើម្បីសម្រេចឲ្យបានជោគជ័យនូវបំណងប្រាថ្នានេះ។

 មុនក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតនឹងត្រូវចាប់ផ្តើម លោកបណ្ឌិត អ៉ិត សំហេង បានស្នើដល់សមាជិក សមាជិការ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនរួមមាន ៖

១.ក្នុងការហែក្បួនឃោសនា សូមរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយនៅពេលចេញឃោសនា តាមសង្កាត់រៀងៗខ្លួន។ ២.សូមបេក្ខជន និងសកម្មជនគណបក្សគ្រប់រូប ចូលរួមឲ្យសកម្មបំផុត ដើម្បីសុំការគាំទ្រពីអ្នកបោះឆ្នោតឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ៣.ត្រូវអប់រំសមាជិកគណបក្ស និងអ្នកគាំទ្រឲ្យថែរក្សា និងភ្ជាប់ទៅជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ នៅពេលទៅបោះឆ្នោតនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ៤.ត្រូវអប់រំសមាជិកគណបក្ស និងអ្នកគាំទ្រឲ្យស្គាល់ និងចងចាំបានច្បាស់លេខរៀង ទីតាំង  រូបសញ្ញារបស់គណបក្សនៅលើសន្លឹកឆ្នោតតាមសង្កាត់នីមួយៗ ព្រមទំាងចេះគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ៥.ត្រូវគោរព អនុវត្តន៍ឲ្យបានត្រឹមត្រូវ នូវច្បាប់ស្តីពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥។

  ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគ្រប់រូប ពិសេសសមាជិកគណបក្សប្រជាជនកម្ពុជា  សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង។

-បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ

-មានគណបក្សប្រជាជនកម្ពុជា ដឹកនាំឃុំ-សង្កាត់ យើងមានការអភីវឌ្ឍកាន់តែខ្លំាងក្លាបន្ថែមទៀត។ 

សូមបញ្ជាក់ជូនដែរថា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃចាប់ផ្តើមវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ដោយមាន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ។ យុទ្ធនាការនេះ គឺជាឱកាសដ៍ប្រសើរ ដែលគណបក្សសង្កាត់នីមួយៗ និងធ្វើការឃោសនាផ្សព្វផ្សាយអំពីលទ្ធផលនៃការអភិវឌ្ឍសង្កាត់ គ្រប់សង្កាត់ គ្រប់វិស័យក្នុងរយៈពេលកន្លងមក ពិសេសឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ព្រមទាំងបង្ហាញគោលនយោបាយអភិវឌ្ឍ សង្កាត់រយៈពេលប្រាំឆ្នាំបន្ត ជូនដល់ម្ចាស់ឆ្នោតបានជ្រាប៕

ដោយ៖ស​ តារា​


ចែករំលែក៖