ខេត្តសៀមរាប ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ខេត្តសៀមរាប បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជាក្រុងសៀមរាប ប្រព្រឹត្តិឡើងក្រោមវត្តមានរបស់លោក ឥត សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានក្រុង សៀមរាប និងលោក ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានក្រុងសៀមរាប រួមទាំង លោក លោកស្រី ជាសមាជិកសមាជិកាក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង សង្កាត់ រួមទាំងសមាជិកសមាជិការគណបក្សទាំង១២ សង្កាត់ ប្រមាណជា១ម៉ឺននាក់ចូលរួម។
នាឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូង ដែលជាថ្ងៃអនុញ្ញាតឱ្យគ្រប់គណបក្សនយោបាយទាំង១៣ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបានកំណត់ទៅដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។
សូមជម្រាបថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី ២១ ខែឧសភានេះដែរ យេីងសង្កេតឃើញមានតែគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំហែក្បួន មានភាពអធិកអធម ដោយមានការរៀបចំតាមផែនក្បួនតាមសង្កាត់ទាំង១២ របស់ក្រុងសៀមរាប ដោយមានរថយន្ត ម៉ូតូ រ៉ឺម៉ក ម៉ូតូកង់បី កង់ ដែលបានរៀបចំចងលម្អទៅដោយទង់ជាតិ ទង់បក្ស និងបដាសរសេរអក្សរប្រកបទៅដោយខ្លឹមសារអត្ថន័យ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ការដង្ហែក្បួនយុទ្ធនាការឃោសនានោះដែរ ក៏មានការចាក់នូវគ្រឿងសម្ពោងសម្លេងឧឃោសនស័ព្ទក្នុងការផ្សព្វផ្សាយ ពីខ្លឹមសារ គោលការណ៍របស់គណបក្សខ្លួន ផងដែរ។
បន្ទាប់ពីបានសំណេះសំណាលជាមួយសមាជិកសមាជិការួចមក ក៏បានចាប់ផ្តើមក្បួនដង្ហែនៅតាមដងវិថីនានា ដោយឆ្ពោះទៅកាន់ទីស្នាក់ការបក្សសង្កាត់រៀងៗខ្លួន ដែលប្រកបទៅដោយភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព។ ចំពោះគណបក្សនយោបាយឯទៀត ក៏បានធ្វើសកម្មភាពរបស់ខ្លួន ដោយពុំមានលក្ខណៈទ្រង់ទ្រាយធំអ្វីឡើយ មានតែគណបក្សភ្លើងទៀន គណបក្សកម្ពុជានិយមប៉ុណ្ណោះ ដែលបានធ្វើសកម្មភាព ក្នុងយុទ្ធនាការឃោសនា នាថ្ងៃដំបូងនេះ។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥នេះដែរ គឺមានសភាពស្ងប់ស្ងាត់ ពុំមានកើតនូវអំពើហិង្សា ហើយក៏ពុំមានភាពអាធិកអាធម ដូចការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាលទី៤ នោះឡើយ។
ដោយឡែកចំពោះការងារសន្តិសុខក្នុងខេត្ត ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានកំពុងធ្វើកម្មភាពឃោសនារបស់ខ្លួន នៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើមី្បធ្វើការបញ្ជៀសកុំឲ្យកើតមាននូវអំពើហិង្សានៅក្នុងពេលឃោសនា ក៏ដូចពេលបោះឆ្នោត និងក្រោយការបោះឆ្នោតផងដែរ៕
ដោយ៖ស តារា