ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការ ឃោសនា រកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សា សមាជិក សមាជិកា ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖  អនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា នាថ្ងៃទី២១ ខែឧសភា  ឆ្នាំ២០២២គ្រប់គណបក្សនយោបាយទាំងអស់  ទូទាំងប្រទេសដែលផ្តើមបើកយុទ្ធនា ការឃោសនា ដង្ហែជាក្បួនរកសំឡេងឆ្នោតពីសំណាក់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥  ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតបានកំណត់យកថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ជា ថ្ងៃបោះឆ្នោត។ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យមានឃុំសង្កាត់សរុបចំនួន៦៧ ឃុំសង្កាត់ត្រូវ ធ្វើពិធីដង្ហែជាក្បួនបើកយុទ្ធនាការឃោសនានាថ្ងៃដំបូង  រកសំឡេងឆ្នោតសម្រាប់ឃុំសង្កាត់នីមួយៗក្នុងនោះផងដែរយើងសង្កេតឃើញមានវត្តមានលោក អ៊ុំ  រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យនិងលោកស្រី បានអញ្ជើញចូលរួម ដង្ហែជាក្បួន ជុំវិញទឹកដីនៅក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ដើម្បីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥សម្រាប់គណបក្សប្រជាជនកម្ពុជា។

លោក អ៊ុំ  រាត្រី បាន មានប្រសាសន៍លើកឡើងថា៖ជាង៤ទសវត្សរ៍កន្លងមកនេះ  មាតុភូមិកម្ពុជា  បានឆ្លងកាត់ដំណាក់កាលធំៗ នានាជាបន្តបន្ទាប់  ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវអ្វីដែលយ៉ាងត្រចះត្រចង់  របស់ពលរដ្ឋកម្ពុជានៅក្នុង ពលីកម្ម  ដ៏ធំធេង ដើម្បីការពារ និងស្ថាបនាប្រទេសជាតិ កសាងជីវភាពរស់នៅរបស់ខ្លួន ឱ្យរីកចំរើន ហើយបានបន្តផ្តល់នូវបទពិសោធន៍នានា ដ៏មានតម្លៃសម្រាប់ជំហានឆ្ពោះទៅមុខទៀត។សមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានផ្តល់​ផ្លែផ្កាដ៏ធំធេងសម្រាប់កម្ពុជាបានទទួលស្គាល់នូវសិទ្ធិ អធិបតេយ្យភាពពេញលេញរបស់កម្ពុជា។ បងប្អូនប្រជាពលរដ្ឋយើងបានបំពេញកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍប្រទេសជាតិផ្តល់មានការគាំទ្រដ៏ថ្លៃថ្លា របស់សហគមន៍អន្តរជាតិ។ទោះបីលើមាគ៌ាឆ្ពោះទៅរកអនាគតប្រកបដោយក្ដីសង្ឃឹម  យើងបានជួបការលំបាកស្មុគស្មាញជាច្រើន យើងក៏អាចពុះពារជម្នះដោះស្រាយបានដោយផ្អែកលើមូលដ្ឋាននៃស្មារតី  ស្រឡាញ់សន្តិភាពនិងការបង្រួបបង្រួមជាតិ។ 

លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា៖  នេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្នុងកំឡុងពេលជាង៤ទសវត្សរ៍ចុងក្រោយនេះ  បានន័យថា ជាតិទាំងមូលរបស់ប្រទេសជាតិស្ថិតនៅក្រោមការត្រួតត្រារបស់រាជរដ្ឋាភិបាលតែមួយ  ដោយគ្មានតំបន់អប្បគមន៍ឬ ពួកឧទ្ទាម។   នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសយើងគ្មានអ្នកបំបែកខ្លួន គ្មានមេដឹកនាំឬក៏កងទ័ពខ្មែរក្រហមទៀតទេ  គ្រប់ភាគីបានបញ្ចូលគ្នាជាធ្លុងមួយ នឹងដំណើរការអភិវឌ្ឍប្រទេសជាតិបានទទួលជោគជ័យនៅគ្រប់វិស័យ  ការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ  សេរីពហុបក្សនិងអនុវត្តនូវគោលនយោបាយវិមជ្ឈការ  និងវិសហមជ្ឈការដែលជាការកែទម្រង់វិស័យរដ្ឋបាលដ៏ចម្បង ក្នុងចំណោមនយោបាយកំណែទំរង់លើសេដ្ឋកិច្ច វិស័យយុត្តិធម៌ វិស័យកងកម្លាំងប្រដាប់អាវុធ និងវិស័យគ្រប់គ្រងដីធ្លីជាដើម  បានទទួលជោគជ័យជាបន្តបន្ទាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖