ភ្នំពេញ៖ ដោយគោរពអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាតេជោបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចពិជ័យសេនា និងថ្នាក់ដឹកនាំអគ្គបញ្ជាការ ខ.ភ.ម ក្រុមការងារចាក់វ៉ាក់សាំង នៃបញ្ជាការដ្ឋានវិស្វកម្ម ក្រោមបទបញ្ជាផ្ទាល់របស់ លោក នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងដឹកនាំអនុវត្តដោយ លោក ឧត្តមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥( ដូសជម្រុញ ) ដោយប្រើប្រាស់ថ្នាំ Pfizer និង Astrazeneca ជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃកងកម្លាំងវិស្វកម្ម រួមទាំងក្រុមគ្រួសារកងទ័ព ដែលយុទ្ធនាការនេះរៀបចំដោយ ក្រសួងការពារជាតិ និងចាក់វ៉ាក់សាំង ដោយក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានវិស្វកម្ម នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ឯក ពៅ ផារី មានប្រសាសន៍ណែនាំក្រើនរំលឹកដល់កងទ័ព និងក្រុមគ្រួសារកងទ័ពទាំងអស់ថា : យើងបានចាក់វ៉ាក់សាំងដូសទី៥( ដូសជម្រុញ ) នាថ្ងៃនេះហើយ ដូចនេះពេលបងប្អូនត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវបំផុលចលនាបងប្អូនប្រជាពលរដ្ឋយើង ចូលរួមចាក់វ៉ាក់សាំងដូសទី៥ ( ដូសជម្រុញ )នេះ ឱ្យបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ ម៉ត់ចត់បំផុត តាមវិធានការថ្មីៗរបស់ក្រសួងសុខាភិបាល ដើម្បីការពារអាយុជីវិតយើង គ្រួសារយើងសហគមន៍យើង ប្រជាជនយើង ប្រទេសជាតិយើង ហើយជាសំខាន់គឺ ដើម្បីជម្រុញវិស័យសេដ្ឋកិច្ច – សង្គមកិច្ច នៃមាតុភូមិកម្ពុជាយើង វិលទៅកាន់ស្ថានភាពដ៏ល្អប្រសើរ ជាប្រក្រតីឡើងវិញ និងកាន់តែអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងសុខសន្តិភាពពេញលេញបរិបូរណ៍។
ទន្ទឹមនេះ លោក ឧត្តមសេនីយ៍ឯក ពៅផារី បានមានប្រសាសន៍ផ្តាំផ្ញើដល់យោធិនទាំងអស់ ព្រមទាំងក្រុមគ្រួសារ រួមនឹងប្រជាពលរដ្ឋគ្រប់ៗរូបត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យទី៥ ខែមិថុនាឆ្នាំ ២០២២ ខាងមុខនេះកុំបីអាក់ខានឡើយ៕
ដោយ ៖ សិលា