ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់ម៉ូតូមួយល្វែងនៅកណ្ដាលក្រុងច្បារមន សមត្ថកិច្ចចុះធ្វើអន្តរាគមន៍មួយយប់ទល់ភ្លឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្រុមមន្ត្រីនគរបាលជំនាញអគ្គិភ័យបានចេញប្រតិបត្តិការបាញ់ទឹកពន្លត់ផ្ទះមួយល្វែងដែលរងការឆាបឆេះកាលពីពាក់កណ្តាលយប់ថ្ងៃទី២៤ រហូតដល់ព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  ក្បែររង្វង់មូលតារែកទឹកត្នោត។

     មន្ត្រីនគរបាលក្រុងច្បារមនបានប្រាប់ឱ្យដឹងថា ផ្ទះដែលរងការឆាបឆេះគឺជាផ្ទះរបស់ឈ្មោះ កៅ ផេង ភេទប្រុសអាយុ៥២ឆ្នាំ មានមុខរបរជាអ្នកលក់គ្រឿងបន្លាស់ម៉ូតូ។  ផ្ទះនេះមានទំហំ៥ម៉ែត្រគុណនឹង៥៊០ម៉ែត្រ ផ្ទុកសម្ភារនិងគ្រឿងបន្លាស់ម៉ូតូពេញ បានរងការឆាបឆេះតាំងពីម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៤រហូតដល់ព្រឹកថ្ងៃទី២៥ខែឧសភានៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ហើយសមត្ថកិច្ចកំពុងបន្តបាញ់ស្រោចមិនទាន់បញ្ឈប់នៅឡើយ។

    មន្ត្រីនគរបាលជំនាញបានប្រាប់ឱ្យដឹងថា មន្ត្រីជំនាញពិតជាពិបាកក្នុងការធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ណាស់ដោយសារតែផ្ទះដែលឆេះជាផ្ទះល្វែងស្ថិតនៅកណ្តាលហើយវែងទៅក្រោយរហូតដល់៥០ម៉ែត្រ។ ភ្លើងឆាបឆេះគ្រឿងបន្លាស់ម៉ូតូនៅខាងក្នុងធ្វើឱ្យពិបាកក្នុងការបាញ់ទឹកចូល ដែលជាហេតុនាំឱ្យអគ្គិភ័យអូសបន្លាយ ពិបាកក្នុងការគ្រប់គ្រង។ តែទោះជាយ៉ាងនេះក្តី សមត្ថកិច្ចខាងអន្តរាគមន៍នៅតែព្យាយាមកែប្រែស្ថានការណ៍ដើម្បីឈានទៅពន្លត់បានទាំងស្រុង។

    សូមបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះមួយល្វែងដ៏វែងនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអន្តរាគមន៍ចំនួន៩គ្រឿងដើម្បីបាញ់ពន្លត់ដោយក្នុងនោះក៏បានរថយន្តអន្តរាគមន៍ពីខេត្តកណ្តាលនិងរថយន្តឯកជនបានចូល រួមជួយផងដែរ ។ រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថាប្រើប្រាស់ទឹកអស់ប៉ុន្មានរថយន្តនៅឡើយទេ។  មួយវិញទៀតចំពោះទំហំនៃការខូចខាតទ្រព្យសម្បត្តិនិងមូលហេតុដែលផ្តើមឱ្យមានការឆាបឆេះក៏នៅពុំទាន់អាចសន្និដ្ឋានបានផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖