ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  ដែលហៅថាធម៌ ជាគុណដ៏ប្រសើរបំផុតសម្រាប់ដោះស្រាយបញ្ហាទាំងឡាយដែលកំពុងកើតមាន ថ្នាក់ដឹកនាំកំពូលៗនៅលើសាកលលោក កាលបើយកធម៌ជាអធិបតីគិតយ៉ាងនេះថា បើនឹងបោះបង់រោងចក្រឧស្សាហកម្មចោល ការបដិវត្តន៍យ៉ាងនេះនឹងមានបញ្ហាប្រឈមជាច្រើនណាស់ បើនឹងរុលទៅមុខបន្តក៏នឹងប្រឈមមុខចំពោះបញ្ហាថាមពល វត្ថុធាតុដើម ទីផ្សារ។ ប្រទេសដែលមានរោងចក្រសំខាន់ៗធុនធ្ងន់សម្រាប់ការអភិវឌ្ឍនៅក្នុងស្រុក កាលពួកគេយល់ច្បាស់អំពីធម៌ចម្រើន និងធម៌វិនាសបានពិតប្រាកដ ពួកគេនឹងមានការយោគយល់គ្នាអំពីផលប្រយោជន៍រួមជាក់ជាមិនខាននៅពេលនោះការប្រឈមមុខដាក់គ្នាអំពីបញ្ហាសង្រ្គាមលោកនិងអាចដោះស្រាយបានជាពុំខានអាស្រ័យតែព្រះពុទ្ធបានទ្រង់សម្តែងបញ្ហានេះទុកជាមុនជាហេតុនាំឲ្យពិភពលោកបានយល់ដឹងបញ្ហានេះមុន ទើបជាហេតុនាំគ្នាប្រជុំដោះស្រាយបង្ការបានមុនដែរ។ នៅសម័យដែលពួកមនុស្សមានការភ្ញាក់រលឹកសមាទានកុសលកម្មបថ ១០ ឡើងវិញ ពួកគេនឹងចម្រើនអាយុចម្រើនពណ៌សម្បុរឡើងវិញជាលំដាប់ រហូតដល់ ៨ ម៉ឺនឆ្នាំ។ ដោយអំណាចនៃធម៌ដ៏ប្រសើរកាលពួកមនុស្សលះបង់ លោភៈ ទោសៈ មោហៈ សមាទាននូវកុសលធម៌បានបរិបូណ៌មនុស្សនឹងចម្រើនអាយុរហូតដល់ ៨ ម៉ឺនឆ្នាំឡើងវិញ នៅពេលនោះមនុស្សនិងមានអាពាធតែ ៣ យ៉ាងគឺ÷៣៣

១- ចំណង់ក្នុងអាហារ

២- បរិភោគអាហារមិនបាន

៣- សេចក្តីគ្រាំគ្រារាងកាយ

  សេចក្តីនៃព្រះពុទ្ធដីកាត្រង់នេះបញ្ជាក់យ៉ាងច្បាស់ថា លោកិយសុខក្នុងបច្ចុប្បន្ននឹងមានយ៉ាងពិតប្រាកដ កាលបើពួកគេលះបង់អស់ជាសមុច្ឆេទនូវអកុសលហេតុទាំង៣ប្រការ។

  កាលពួកមនុស្សនាំគ្នាសមាទានសីលនូវកុសលធម៌បានល្អប្រពៃជាទូទៅ នឹងមានស្ដេចចក្រពត្តិព្រះនាមសង្ខចក្រកើតឡើងក្នុងលោក គ្រប់គ្រងដោយធម៌ មានជនបទដល់នូវស្ថិរភាព មានសមុទ្រជាព្រំប្រទល់ដូចស្ដេចចក្រពត្តិពីព្រេងនាយ។

  សេចក្តីព្យាករណ៍របស់ព្រះសម្មាសម្ពុទ្ធ អំពីការកើតឡើងនៃស្ដេចចក្រពត្តិនៅពេលខាងមុខដែលជាស្ដេចមានការគ្រប់គ្រងដោយនូវធម៌ដ៏ប្រសើរ ដែលមនុស្សលោកសមាទានកុសលធម៌បានយ៉ាងប្រពៃហើយនោះ  ហាក់គ្រាន់តែបង្ហាញបញ្ជាក់ឲ្យឃើញប្រចក្សជាមុនថា អាចញាំងការគ្រប់គ្រងដឹកនាំមនុស្សឲ្យកើតបាននូវ រតនវត្ថុទិព្វនៅក្នុងលោកិយនេះដោយខ្លួនឯង ម្នាក់ៗ មិនចាំបាច់មានអ្នកដឹកនាំ នៅត្រង់ពួកមនុស្សសុទ្ធតែយកធម៌ជាអធិបតីរួចហើយ។ ក្រោយមកទើបស្ដេចចក្រពត្តិដែលជាធម្មរាជកើតឡើងជាក្រោយ។ សួរថា តើស្ដេចចក្រពត្តិសង្ខចក្រនេះនិងមានវិធីគ្រប់គ្រងសង្គមបែបណាទៅលើពួកជនក្នុងដែនដែលសុទ្ធតែជាមនុស្សមានធម៌រួចអស់ហើយនោះ? ត្រង់ប្រការនេះ ទើបស្ដេចចក្រពត្តិចេញសាងផ្នួស ដោយមិនឃើញមានព្រះទាយាទ ដូចស្ដេចចក្រពត្តិពីព្រេងនាយនោះ។

  ខណៈដែលពួកមនុស្សលះបង់អស់នូវកិលេសសមាទានកុសលកម្មបទ ១០ បានដោយបរិបូណ៌ មិនបាច់មានអ្នកដឹកនាំនាំឲ្យអាយុ និងពណ៌សម្បុរ ឡើងរហូតដល់ ៨ ម៉ឺនឆ្នាំវិញព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមអរិយមេត្តេយ្យនឹងកើតឡើងក្នុងលោក ។ គប្បីរំលឹកឡើងវិញថា រតនៈបានដល់វត្ថុ ញ៉ាំងឲ្យជនរាយត្រេកអរ។ ស្ដេចចក្រពត្តិរមែងប្រកបដោយនូរតនៈជាទិព្វ ៧ ប្រការ ដែលជារតនវត្ថុសម្រាប់ញ្ញាំងឱ្យជនក្នុងដែនត្រេកអរ។ចំពោះសេចក្តីថ្កុំថ្កើងដែលកើតឡើងដូចជាទិព្វពីរតនៈទាំង ៧ប្រការនេះ។ រតនៈ ៧ប្រការកើតឡើងដោយធម៌មិនមែនដោយអធម៌នោះទេ។សេចក្តីនៃការព្យាករណ៍ទាំងអស់ខាងលើនេះ ព្រះពុទ្ធទ្រង់ត្រាស់ឲ្យមនុស្សលោកស្វែងយល់ឲ្យបានប្រាកដថា ការកើតឡើងនូវរតនៈទិព្វរបស់ស្ដេចចក្រពត្តិពីព្រេងនាយក្តី ទៅអនាគតក្តឋី រហូតការកើតឡើងរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយក្នុងលោកក្តី គឺសុទ្ធតែកើតឡើងអាស្រ័យនូវធម៌ទាំងអស់ មិនមែនអាស្រ័យដោយនូវអធម៌នោះទេ។ដូច្នេះកាលបើមានធម៌បុគ្គលម្នាក់ម្នាក់បានប្រកាន់យ៉ាងខ្ជាប់ខ្ជួនល្អប្រពៃ ខណៈបុគ្គលណា កាលបុគ្គលប្រាថ្នារតនៈជាទិព្វក្តី រហូតប្រាថ្នាត្រាស់ជាជាព្រះសម្មាសម្ពុទ្ធក្តី គង់នឹងបានសម្រេចតាមសេចក្តីប្រាថ្នាជាក់ជាពុំខាន ។

  រួមសេចក្តីនៃព្យាករណ៍របស់ព្រះសម្មាសម្ពុទ្ធ អាចនាំឲ្យពិភពលោកទាញបាននូវប្រយោជន៍ដូចខាងក្រោម÷

 – កាលមនុស្សទូទៅគ្រប់ជាតិសាសន៍គ្រប់គ្រងខ្លួនឯងបានល្អប្រពៃដោយនូវធម៌ដ៏ប្រសើរ អំពើបាបឈ្លានពាន ជិះជាន់កេងប្រវ័ញ្ច កាប់សម្លាប់គ្នាដោយកាយនិងវាចានិងមិនមានដូចបច្ចុប្បន្ននេះឡើយ។

– មនុស្សជាតិនឹងមិនទាមទារឲ្យមានអ្នកដឹកនាំដូចកាលពីបឋមកប្បរហូតមកដល់បច្ចុប្បន្ននេះទៀតឡើយពីព្រោះពួកគេម្នាក់ៗសុទ្ធតែប្រកាន់នូវធម៌បរិសុទ្ធរៀងៗខ្លួនដោយប្រពៃដោយខ្លួនឯងផ្ទាល់។

– ពិភពលោកនិងមានត្រឹមសីមាដូចបច្ចុប្បន្ននេះ រដ្ឋទាំងឡាយនឹងតាំងនៅក្រោមដំបូលតែមួយដែលមានធម៌ជាធម្មនុញ្ញតែម្យ៉ាងដូចគ្នារៀងៗខ្លួន ។

– វិបត្តិសង្គមមនុស្ស រួមទាំងសង្គមធម្មជាតិនឹងមិនកើតឡើងទៀតឡើយ៕ (នៅមានត)

ពិនិត្យស្រាវជ្រាវដោយ÷ ចៅតាជេត


ចែករំលែក៖