ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាលដោយសារកំពុងជិះម៉ូតូសុខៗត្រូវរថយន្តដឹកទំនិញបើកបុក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងជិះម៉ូតូសុខៗត្រូវរថយន្តដឹកទំនិញដែលបើកមិនប្រកាន់ស្ដាំមកបុកពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមកធ្វើអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥២នាទីរសៀលថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២២នៅចំណុចផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤២និង​១៤៣ក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា  អ្នករងគ្រោះមានទី១-ឈ្មោះ ឈី សំម៉ារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទាហានលើ ឃុំស្វាយតឿ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ទី២-ឈ្មោះ មុំ វាសនា​ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិព្រែកគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។ ទី៣-ឈ្មោះរ៉ែន វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤-ឈ្មោះម៉ី ធារ៉ា ភេទ​ស្រី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរោទ៍ ឃុំញ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

    ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយបង្កហេតុបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-៧២៩១នៅនឹងកន្លែង។

     តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រី៤នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខធ្វើដំណើរលើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត​ ខណៈនោះស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយចំណុះមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-៧២៩១បើកបរមិនប្រកាន់ស្ដាំក្នុងទិសដៅបញ្ច្រាសគ្នាក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យ។

    ក្រោយមកសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយតាយានដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖