ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់និងវត្ថុតាង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ០១នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ខណៈរកឃើញមានថ្នាំញៀននៅនឹងម៉ូតូកាលពីវេលាម៉ោង១២និង៤៩នាទីយប់ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការដាក់បទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងាររងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន។ ជាលទ្ធផលនៅវេលាម៉ោង១២និង៤៩នាទីយប់ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកបានចាត់តាំងម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានល្បាតក្នុងភូមិ​សាស្រ្តចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  បានប្រទះមុខសញ្ញាជនសង្ស័យចំនួន០១នាក់ ឈ្មោះ អៀង រ៉ន ភេទ ប្រុស អាយុ២៣ឆ្នាំ ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ខ្លួនដើម្បីត្រួតពិនិត្យ ។

លោកអធិការបានបញ្ជាក់ថា៖តាមការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញមានវត្ថុតាងថ្នាំញៀន ដែលជនសង្ស័យលាក់ទុកនៅក្រោមកែបម៉ូតូ ក្នុងមាន៖១/-ម្សៅម៉ត់ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១៣៦កូនថង់។២/-ថ្នាំគ្រាប់ពណ៌ផ្កាឈូក មានរូប(ស្តុបប៊ឺរី)ចំនួន ៥១គ្រាប់។៣/-ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ មានអក្សរ Vlចំនួន៣៧គ្រាប់។៤/-ថ្នាំគ្រាប់ពណ៌ប៉ៃតងមានរូប ម្គុដពីលើ ចំនួន១៤គ្រាប់។៥/-ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរូបម្គុដពីលើ    ចំនួន១៨គ្រាប់។៦/-ថ្នាំគ្រាប់សំបកពណ៌ឈាមជ្រូកចំនួន១០គ្រាប់។៧/-ថ្នាំកញ្ចប់ពណ៌ខៀវចំនួន១៥កញ្ចប់។៨/-ថ្នាំកាហ្វេសប្បាយចំនួន០១កញ្ចប់។៩/-ថ្នាំយិនស៊ិន០១កញ្ចប់។១០/-ថ្នាំហែមមើ(HERMES)ចំនួន០៤កញ្ចប់។១១/-ហឹបដែកចំនួន០១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងផ្នែកជំនាញបាននាំមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរនិងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖