ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សភ្លើងទៀនដែលចោទថាអាជ្ញាធរបានហាម ឃាត់មិនឲ្យក្បួនឃោសនាគណបក្សភ្លើងទៀនចូលទៅក្នុងទីផ្សារ។ អ្នកនាំពាក្យគ.ជ.ប.បំភ្លឺថា ច្បាប់គឺមិនអនុញ្ញាតឲ្យក្បួនឃោសនាគណបក្សនយោបាយចូលទៅក្នុងទីផ្សារនោះឡើយ។ មិនតែប៉ុណ្ណោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកត់សម្គាល់ឃើញថា គណបក្សភ្លើងទៀនប្រើភាសាមិនសមរម្យនៅក្នុងពេលឃោសនាបោះឆ្នោតនាពេលកន្លងមកនេះ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានចោទអាជ្ញាធរ ថាបិទសិទ្ធិសេរីភាពពលរដ្ឋអំឡុងពេលឃោសនាបោះឆ្នោត បន្ទាប់ពី អាជ្ញាធរក្រុងតាខ្មៅ ខេត្តកណ្តាល រារាំងក្បួនឃោសនារបស់គណបក្សភ្លើងទៀន ហែចូលផ្សារក្រុងតាខ្មៅថ្មី និងផ្សារក្រុងតាខ្មៅចាស់ និងទីកន្លែងទីប្រជុំជន ដែលមានមនុស្សច្រើននៅថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។
ជុំវិញនឹងការចោទប្រកាន់លើអាជ្ញាធរបែបនេះ អ្នកនាំ ពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានឆ្លើយតបថា នីតិវិធីដែលគ.ជ.ប ធ្លាប់បានផ្សព្វផ្សាយកន្លងមកហើយថា ការឃោសនាដោយដង្ហែរក្បួនចូលទៅក្នុងផ្សារ គឺមិនត្រូវបានអនុញ្ញាតដោយច្បាប់ឡើយ ប៉ុន្តែគណបក្សនីមួយៗអាចចូលឃោសនាក្នុងផ្សារបាន តាមរយៈការចែកខិត្តបណ្ណផ្សព្វផ្សាយ ដោយមិនត្រូវប្រើឧបករណ៍បំពងសំឡេង ហើយចំនួនមិនឱ្យលើសពី១០នាក់ឡើយ។
មិនតែប៉ុណ្ណោះអ្នកនាំពាក្យគ.ជ.ប បានកក់សម្គាល់ឃើញថា គណបក្សភ្លើងទៀន បានប្រើប្រាស់សារនយោបាយបែបប្រមាថ លើគូប្រជែង ដែលខុសទៅនឹងគោលការណ៍ច្បាប់បោះឆ្នោតរបស់ គ.ជ.ប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីសភាពការណ៍ទូទៅនៃយុទ្ធនាការណ៍ឃោសនារកសំឡេងឆ្នោតដែលបានធ្វើឡើងកាលចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២មកដល់ពេលនេះថា បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
យ៉ាងណាក៏ដោយលោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា គឺ គ.ជ.ប ទទួលបានបណ្តឹងចំនួន ១៨ ដែលបានប្តឹងគណបក្សភ្លើងទៀន ដែលបានប្រើប្រាស់សកម្មភាពឃោសនា ឬ សារនយោបាយ ដែលខុសទៅនឹងគោលការណ៍ដែលមានចែងនៅក្នុងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រង់មាត្រា៧១ ដូច្នេះប្រសិនបើគណបក្សនេះ នៅតែបន្តឃោសនាខុសនឹងគោលការណ៍ច្បាប់បោះឆ្នោតទៀត នោះនឹងឈានទៅដល់ការដាក់ទោស។
ដោយឡែកសម្រាប់ការប្រើប្រាស់រថយន្តស្លាកលេខ រដ្ឋសភា ព្រឹទ្ធសភា សម្រាប់ការហែរឃោសនាលោកសោម សូរីដាបានបញ្ជាក់ថា គឺមិនខុសនឹងច្បាប់ បោះឆ្នោតនោះទេ ៕
ដោយ៖ សូរិយា