ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ម៉េត ត្រូវបានសមត្ថកិច្ចស្រុកជ័យសែនបង្រ្កាប

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មេឈ្មួញជើងខ្លាំងខាងដឹកឈើចេញពីស្រុកជ័យសែន ឈ្មោះ ម៉េត ត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន សហការជាមួយកម្លាំងអាវុធហត្ថស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន បង្ក្រាបបានកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ខណៈដែលរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ម៉េត ដឹកឈើចេញពីភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន បម្រុងយកទៅលក់ឱ្យដេប៉ូចែអូននៅខេត្តកំពង់ធំ។ មេឈ្មួញឈ្មោះ ម៉េត តែងតែដឹកឈើជារៀងរាល់យប់ខណៈដែលសមត្ថកិច្ចរាងល្វើយ ហើយឈ្មោះម៉េតតែងតែយកឈ្មោះអ្នកធំនេះអ្នកធំនោះទៅកាងមុខរបរដឹកឈើរបស់ខ្លួន ។

ចំណែកមេឈ្មួញឈ្មោះ ខ្លា មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅធី ដែលពុករលួយខ្លាំងណាស់ដែរនោះនៅមិនទាន់ត្រូវបានបង្ក្រាបទេ សង្ឃឹមថាសមត្ថកិច្ចនឹងមានវិធានការចំពោះមេឈ្មួញទាំង២នាក់នេះជាមិនខាន ។

លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ តែងតែប្រជុំចេញបទបញ្ជាឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើក្រោមឱវាទយកចិត្តទុកដាក់ តាមដាន បង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឱ្យបានល្អប្រសើរ ។

 លោក សេង លាងបានបន្តថា យប់មិញនេះមានសេចក្តីរាយការណ៍មកថា មានរថយន្តសាំយ៉ុងកែច្នៃពាក់ស្លាកលេខ យ 8083 ភព ចូលដឹកឈើនៅចំណុចភូមិពើក លោកបានបញ្ជាមកលោ រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដឹកនាំកម្លាំងចម្រុះពួនស្ទាក់ចាំចាប់រថយន្តខាងលើនៅវេលាម៉ោង ៩និង៣០នាទីយប់។ លុះរថយន្តដឹកបទល្មើសបានមកដល់ភូមិពុទ្រាត្រូវបានកម្លាំងចម្រុះឃាត់បានទាំងឡាននិងតៃកុងឈ្មោះសៅ វិចិត្រ អាយុ៣០ឆ្នាំ រស់នៅភូមិកោក ឃុំស្អាង ស្រុកជ័យសែន ជាអ្នករកសុីបើកឡានឱ្យថៅកែ ម៉េត។ ចំណែកឈ្មោះ ម៉េត បើកឡានកាងពីក្រោយបានបើកឡានរត់បាត់ស្រមោល ក្រោយពីដឹងថាកម្លាំងចម្រុះឃាត់រថយន្តដឹកឈើរបស់ខ្លួន ។

មហាជនមានការអបអរសាទរចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពនេះ ។

វត្ថុតាងមានរថយន្តសាំយ៉ុង១គ្រឿង រួមទាំងឈើជាង៤ម៉ែត្រគូបត្រូវបានរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖