ខេត្តរតនគិរី ៖ លោកញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានដឹកនាំសមាជិក សមាជិកានិងអាជ្ញាធរក្នុងមូលដ្ឋានចុះសំណេះសំណាល សាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្ដល់ជូនបងប្អូនកម្មករដែលរងផលប៉ះពាល់ដោយទឹកជន់លិចចំនួន១៧៦គ្រួសារនៅក្រុមហ៊ុនចម្ការចេកហ័ងអាញ់ ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
ការនាំយកអំណោយទៅផ្ដល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះគឺធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះមានគ្រួសាររងគ្រោះចំនួន១៧៦គ្រួសារដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ មុង១ ភូយ១ សារុង១ ក្រមា១ និងជែលលាងដៃ១ដបផងដែរ។
នាឱកាសនោះ លោក ញ៉ែម សំអឿន បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ លោកក៏បានអំពាវនាវដល់បងប្អូនដែលរងផលប៉ះពាល់ដោយទឹកជន់ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទឹកទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗមិនត្រូវឱ្យលេងទឹកដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ដូចជាសត្វអាសិរពិសជាដើម និងត្រូវហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យខ្ពស់ផងដែរ។
លោក សេក ហៃ អភិបាលស្រុកកូនមុំបានរាយការណ៍ថា តាំងពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២កន្លងទៅមានករណីទឹកជន់លិចផ្ទះរបស់បងប្អូនកម្មករនៅក្នុងក្រុមហ៊ុនហ័ងអាញ់ តែមិនមែនដូចទឹកជំនន់ជន់លិចជារៀងរាល់ឆ្នាំនោះទេ វាគ្រាន់តែជាការបាក់ទំនប់របស់ក្រុមហ៊ុនចម្ការចេកដោយសារក្រុមហ៊ុនបានស្តុកទឹកទុកប៉ុណ្ណោះ។ ដោយសារមេឃមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ ទើបទឹកបុកបាក់ទំនប់ស្តុកទឹក ជាហេតុធ្វើឱ្យទឹកហូរសង្គ្រប់មកលិចផ្ទះស្នាក់នៅរបស់កម្មករត្រឹមតែ២ម៉ោងប៉ុណ្ណោះទឹកក៏ស្រកទៅវិញអស់ភ្លាមៗដែរ។
អាជ្ញាធរស្រុក ឃុំ ជាមួយកម្លាំងប្រដាប់អាវុធបានចុះធ្វើអន្តរាគមន៍ជួយបងប្អូនកម្មករទាន់ពេលវេលាមិនឱ្យមានការប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់នោះទេ គឺគ្រាន់តែខូចខាតផ្ទះស្នាក់នៅជាង១០០បន្ទប់ និងសម្ភារមួយចំនួនប៉ុណ្ណោះ៕
ដោយ ៖ ជីវ័ន្ត