ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀន១.៤តោននិងសារធាតុគីមីជាង១១តោន រួមទាំងជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ

ចែករំលែក៖

   ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប មន្ទីរពិសោធន៍លួចលាក់កែច្នៃ និងផលិត គ្រឿងញៀន៣ទីតាំងផ្សេងគ្នា ដោយបានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ និងរឹបអូសគ្រឿងញៀន១.៤០០គីឡូក្រាម និង  សារធាតុគីមីជាង១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ រួចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

    ដោយអនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ លោកនាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោកនាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​លោកឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កម្លាំង​ជំនាញ​”​ក​១០”​ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍ទោ​ សារី​ បុត្រ​សត្យា​ លោក​វរសេនីយ៍ឯក​ យឹ​ម​ សែន​ឧត្ដម​ នាយករង​មន្ទីរ​ លោក​វរសេនីយ៍ឯក​ តឹក​ សូ​នី​ នាយការិយាល័យ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ អ៊ុំ​ សុភ​ក្តិ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ខៃ​ ស​ម្ផស្ស​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​០២​ខែ​រួច​មក​ នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ សមត្ថកិច្ច​យើង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់​កែ​ច្នៃ​ផលិត​សារធាតុ​ញៀន​នៅ​៣​ទីតាំង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ ៖

   ​ចំណុច​ទី​១​៖​ នៅ​បន្ទប់​លេខ​៨០២​ ក្នុង​ខុន​ដូ​ J​ CITY​ ផ្លូវ​លេខ​៣២២​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។​

    ​ចំណុច​ទី​២៖​ ស្ថិត​នៅ​ក្នុង​ចម្ការ​ស្វាយ​ ភូមិ​តាំង​ស្រឹង​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ។​

    ​ចំណុច​ទី​៣៖​ ស្ថិត​នៅ​ក្នុង​ចម្ការ​ស្វាយ​ ភូមិ​ស្រល់​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​ ៖ 

    ១-ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ ជាជនជាតិ​ចិន​ (​តៃវ៉ាន់​)​ រួម​មាន​ ៖​ ឈ្មោះ​ TIEN​ CHAN​ FU​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ (​មេការ​)​, ឈ្មោះ​ KHOU​ PO​ WEN​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​, ឈ្មោះ​ TENG​ KUO​ CHING​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​, ឈ្មោះ​ LIN​ YI​ CHHENG​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។​ 

    ចំណែកវត្ថុតាងចាប់​យកមាន៖​ ម៉ាស៊ីន​ ឧបករណ៍​ សម្ភារ​សម្រាប់​កែ​ច្នៃ​ ផលិត​ វេច​ខ្ចប់​មួយ​ចំនួន​ធំ​, សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់​៤១គ.ក្រ.៥១.៧ក្រាម, ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន​ទម្ងន់​ ១៤២៥គ.ក្រ. , ថ្នាំ​គ្រាប់​នី​មេតា​ហ្សេ​ប៉ា​ម​ ទម្ងន់​០.៩ក្រាម, សារធាតុ​គីមី​ផ្សំ​១១តោន ៥២៥គ.ក្រ ។​

    ​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ខាងលើ​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖