ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូមិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ ជិះម៉ូតូឌុបគ្នា ឃើញស្ត្រីម្នាក់កំពុងជិះម៉ូតូម្នាក់ឯង ក៏ធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ រួចព្យាយាមគេចខ្លួនតែពុំបានសម្រេចត្រូវបានសមត្ថកិច្ចស្រុកស្អាងសហការជាមួយសមត្ថកិច្ចក្រុងតាខ្មៅក្របួចជាប់។ករណីនេះបានកើតឡើងនៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង  ១១និង៣០នាទីព្រឹក នៅចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម ហឿន ភេទស្រី អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ចំណែកជនសង្ស័យ០២នាក់ ទី​១.ឈ្មោះ ស៊ឹម ចាន់ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ. ស្រុកកំណើតភូមិត្បែង.ឃុំត្បែង.ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ,​ទី២.ឈ្មោះ. អ៊ុច ប៊ុនថន ភេទប្រុស.អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ.ស្រុកកំណើតភូមិទៀន.ឃុំឆ្មោងខាងជើង.ស្រុកកំចាយមារ ខេត្តព្រៃវែង។បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

*វត្ថុតាងចាប់យកមាន ៖ ម៉ូតូចំនួន០១គ្រឿងម៉ាកនិចពណ៌សពាក់ស្លាកលេខត្បូងឃ្មុំ1T.9782,​មួកសុវត្ថិភាពចំនួន០២ពណ៌សចំនួន០១ពណ៌ខ្មៅចំនួន០១(របស់ជនសង្ស័យ),​ប្រាក់រៀលចំនួន២១..៣០០រៀល,​ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកអូប៉ូ,​កាបូបស្ពាយពណ៌ប្រផេះចំនួន០១,​លោហធាតុពណ៌លឿងចំនួន០៣ខ្សែ(ខ្សែដៃខ្សែក),​លោហធាតុពណ៌លឿងចំនួន០២គូ(ក្រវិល)របស់ជនរងគ្រោះ ។

      ប្រភព​ដដែលបន្តថា​ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ​ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះនៅឯស្រុកកោះធំ​ លុះមកដល់ចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាល. ត្រូវបានជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាកនិច.ពណ៌ស ស្លាកលេខត្បូងឃ្មុំ1T-9782ធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះបាន.រួចជិះម៉ូតូសំដៅទៅក្រុងតាខ្មៅពេលទទួលបានព័ត៌មានខាងលើនេះភ្លាមនោះកម្លាំងនគរបាលស្រុកស្អាងបានដេញតាមពីក្រោយនិងសហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើការព័ទ្ធចាប់បានជនសង្ស័យទាំង០២នាក់​ នៅចំណុចក្នុងទឹកទន្លេភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្ដាល។

   បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖