ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវនារីម៉ាស្សាកោសជប់២នាក់បន្លំលួចលុយអស់១.៤០០ដុល្លារ

ចែករំលែក៖

    ខេត្តកំពង់ស្ពឺ ៖ នារីប្រកបមុខរបរម៉ាស្សាកោសជប់ពីរនាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបសេដ្ឋឃាត់ខ្លួនបន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះថាបានធ្វើសកម្មភាពបន្លំលួចលុយពេលដែលខ្លួនគាត់ចូលទៅរកសេវាម៉ាស្សាកោសជប់អស់ចំនួន១.៤០០ដុល្លារ។ 

    មន្ត្រីនគរបាលបានប្រាប់ថា កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ អ៊.ស.ល រស់នៅស្រុកបសេដ្ឋ បានចូលទៅរកសេវាម៉ាស្សាកោសជប់ក្នុងហាងម៉ាស្សាកោសជប់មួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលបន្តទៀតថា ក្រោយពេលម៉ាស្សារួចក៏ចេញមកវិញដឹងខ្លួនបាត់លុយអស់ចំនួន១.៤០០ដុល្លារក៏បានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវតែម្តង។ 

    បន្ទាប់ពីទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិលចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងហៅជនសង្ស័យ ០២នាក់ជានារីបម្រើសេវាម៉ាស្សាដើម្បីធ្វើការសាកសួរ។  ជនសង្ស័យទាំង០២នាក់ ទី១-ឈ្មោះ កន ដាលីន ជានារីម៉ាស្សា និងទី២-ឈ្មោះ ស្រឿង ម៉េន ភេទស្រី ជាម្ចាស់ហាងម៉ាស្សា។

    មន្ត្រីនគរបាលដដែលបញ្ជាក់ថា ក្រោយពេលសាកសួរនារីម៉ាស្សាទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាក្នុងបន្លំលួចយកលុយនៅក្នុងកូនកាបូបដៃរបស់ជនរងគ្រោះចំនួន១.៤០០ដុល្លាប្រាកដមែន ។ ចំពោះប្រាក់ចំនួន១.៤០០ដុល្លារដែលដកហូតពីជនសង្ស័យបានប្រគល់ជូនជនរងគ្រោះវិញ។

    បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២នេះ៕

ដោយ៖ សូរិយា


ចែករំលែក៖