ភ្នំពេញ ៖ បើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា, នៅថៃ្ងព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០រសៀល នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Chris Humphrey នាយកប្រតិបត្តិក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងការកោតសរសើរចំពោះធុរៈកិច្ចអាស៊ាន – អឺរ៉ុប ជាពិសេសមូលនិធិអាស៊ី-អឺរ៉ុប ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាពនៅកម្ពុជា ទោះបីក្នុងកាលៈទេសៈ ដែល ពិភពលោកនិងកម្ពុជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានផលិតផលសុខភាពមកពីបណ្តាប្រទេសអឺរ៉ុប ចំនួនប្រមាណជាង ៤០០០មុខ បានចុះ បញ្ញិកានៅក្រសួងសុខាភិបាល និងបានចរាចរនៅលើទីផ្សារកម្ពុជា។
លោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឱ្យបើក ដំណើរការប្រទេសបានឡើងវិញ។ លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យជនបរទេសទាំងអស់ស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ រួមទាំងអ្នកវិនិយោគ និង ធុរៈជនអឺរ៉ុប ផងដែរ។ លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលតែងតែសហការ គាំទ្រដល់ធុរៈកិច្ចរបស់អឺរ៉ុប ជាពិសេសក្នុងការចុះបញ្ជីកាផលិតផលសុខភាព និងបានស្នើសុំឲ្យក្រសួងសុខាភិ បាល បន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀតលើវិស័យសុខាភិបាល។
ជាចុងក្រោយ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប និងស្នើសុំពង្រីក កិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលនិងក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប មិនត្រឹមតែអាស៊ានទ តែក្នុងក្របខ័ណ្ឌទ្វេភាគីផងដែរ ជាពិសេសលើការអភិវឌ្ឍន៍ធនធានមនុស្ស។ កិច្ចជំនួបពិភាក្សាបានបញ្ចប់ដោយ លទ្ធផលគួរជាទីមោទនៈ ក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន អឺរ៉ុប និងកម្ពុជា ៕
ដោយ ៖ សុខ ខេមរា