ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ចើញថ្លែងសារពិសេសស្តីអំពីបឹងទន្លេសាប

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសជូនបងប្អូនជនរួមជាតិស្តីអំពីបញ្ហាបឹងទន្លេសាប។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅថ្ងៃនេះ សម្ដេចតេជោ មានកិត្តិយសបានទួលប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ឱ្យបានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើការអភិរក្ស ការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។  

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។

សម្តេចតេជោបានមានប្រសាសន៍ថា តំបន់បឹងទន្លេសាបនេះ ចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ណែនាំទៅដល់ខេត្តទាំង៦ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។ សម្តេចតេជោក៏បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង ។ 

សម្តេចក៏បានណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានណែនាំអោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣នេះជាពិសេសបានណែនាំឱ្យរៀបចំជាបង្គោលធំៗនៅតាមព្រំប្រទល់ដែលត្រូវបែងចែកតំបន់បឹងទន្លេសាបនេះ។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយ រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ  ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប។ ភូមិឋាន និងតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹក ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូបស្តាឡើងវិញ។

សម្តេចតេជោបានបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ។ 

សម្តេចតេជោ បានសុំអោយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឲ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ នឹងចូលរួមអនុវត្តនូវកិច្ចការងារនេះប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាជន។ សម្ដេចតេជោក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖