ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចអ្នកម្ពុជា បានផ្ញើសារលិខិតមរណទុក្ខ ផ្ញើជូន លោកស្រី ថ សត្ថិសុវី-ខូរ៉ូលី
លោកស្រី ជាទីរាប់អាន ខណៈនេះខ្ញុំនិងភរិយា មានក្តីក្តុកក្ដួលរំជួលចិត្តឥតឧបមាដោយទទួលដំណឹងថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុម៉ា ជោច ជាព្រះមាតារបស់លោកស្រី ដែលបានចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា ដោយព្រះជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមចូលរួមរំលែកនូវមរណទុក្ខប្រកបដោយ ក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោកស្រី ព្រមទាំងព្រះញាតិទាំងអស់ ព្រោះថាការបាត់បង់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុម៉ា ជោច គឺជាការបាត់បង់ព្រះមាតាដែល ពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាទីគោរពស្រឡាញ់នៃបុត្រី ព្រមទាំងបងប្អូន កូនចៅ និងព្រះ ញាតិទាំងឡាយរបស់ព្រះអង្គ។
ជាថ្មីម្តងទៀតខ្ញុំនិងភរិយា សូមបួងសួងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ូប៉ា ជោច យាងទៅសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកស្រី ទទួលនូវក្តីរាប់អានអំពីខ្ញុំនិងភរិយា ។
ព្រះមហាក្សត្រកម្ពុជា ក៏បានសូមព្រះវិញ្ញាណក្ខ័ន្ធ ព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ នារីបូង៉ា ព្រះរាជបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ សុីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង នារី សុីសាម៉ន យាងទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។
ព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ នារីបូង៉ា ព្រះប្រសូតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៣៥ នារាជធានីភ្នំពេញ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះរាជបុត្រីចុងក្រោយបង្អស់ នៃព្រះករុណា ព្រះបរមខត្តិយកោដ្ឋ ដែលគង់មានព្រះជន្មមកដល់សព្វថ្ងៃនេះ ។ ព្រះអង្គម្ចាស់ក្សត្រី បានសោយព្រះពិលាល័យ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ ដោយជរាពាធ ៕
ដោយ ៖ សិលា