ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ប្រ​កាស​អំពី​ការ​ដង្ហែ​ពាន​រង្វាន់​បាល់​ទាត់​ពិ​ភព​លោក “FIFA World Cup Trophy Tour” មក​កាន់​ប្រ​ទេស​កម្ពុជា នាថ្ងៃទី១៥ ខែមិថុនាខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ប្រ​កាស​អំពី​ការ​ដង្ហែ​ពាន​រង្វាន់​បាល់​ទាត់​ពិ​ភព​លោក “FIFA World Cup Trophy Tour” មក​កាន់​ប្រ​ទេស​កម្ពុជា នាថ្ងៃទី១៥ ខែមិថុនាខាងមុខ ក្រោយ​ទទួល​បាន​ការ​អនុ​ញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល ដែលពិធីទទួលស្វាគមន៍ និង​លើក​ពាន​រង្វាន់​ពិភព​លោក​នេះ នឹង​ធ្វើ​ឡើង​ក្រោម​អធិ​ប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់​មក នឹងមានការដាក់តាំង ដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ។ #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣ 🇰🇭

#កីឡារស់ក្នុងសន្ដិភាព SPORTS: LIVE IN PEACE។ 

សូមបញ្ជាក់ថា, នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” បានទទួលសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា

ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា សូមប្រកាសព័ត៌មានជូនថា ដំណើរមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក “FIFA WORLD CUP-Trophy Tour នឹងមកដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាតាមជើងហោះហើរឯកជនពិសេស “Private Jet” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋទាំងអស់មានមោទនភាពជាតិដ៏វិសេសវិសាលដែលបានទទួលព្រឹត្តិការណ៍នៃ ដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកលើកទី១ មកដល់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ដើម្បីអបអរសាទរការប្រកួត កីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា ។

កម្មវិធីសំខាន់ៗ អំឡុងពេលពានរង្វាន់បាល់ទាត់ពិភពលោកមកដល់ព្រះរាជាណាចក្រកម្ពុជារួមមាន ៖

 ១. ក្បួនដង្ហែពានរង្វាន់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព ។

២. ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី

តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។

 ៣. ពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួម អបអរសាទរឱ្យបានច្រើនកុះករ និងមោទនភាពជាតិ ដោយក្តីស្មោះសរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖