ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ រងការខូចខាតទាំងសងខាង ចំណែកម្ចាស់រថយន្តទាំង២គ្រឿងបានដោះស្លាកលេខទុករៀងៗខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង១០និង ៥០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចទល់មុខបុរីពិភពថ្មី២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដ ពណ៌ស បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែមានបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស បើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចមានល្បឿនលឿនដូចគ្នា ហើយបានជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដចំពាក់កណ្តាលយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនមានអ្នករងរបួស នៅក្នុងហេតុការណ៍នេះទេ។
បន្ទាប់ពីកើតហេតុដោយភាគីទាំងពីរ សម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញឱ្យចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ