ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនកាពីតូលបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈកំពុងបើកម៉ូតូបត់ត្រឡប់ក្រោយត្រូវរថយន្តរបស់ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរបុកពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ចំណែកឯរថយន្តបង្កហេតុបានព្យាយាមបន្តបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចឃាត់បានរថយន្តរីឯអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះសមត្ថកិច្ចនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុជាង៣០ឆ្នាំ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកzoomer-x ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-7816 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត រួចក៏បានបត់ឆ្វេងត្រឡប់ក្រោយ ប៉ុន្តែពេលបត់ដល់ពាក់កណ្តាលផ្លូវក៏មានរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AC-4740 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ដួលបោកនឹងថ្នល់បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូស្លាប់ ហើយភ្លាមនោះដែរអ្នកបើករថយន្តបានបន្ថែមល្បឿនបើកទៅមុខជាច្រើនម៉ែត្រ រួចទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ រួចហៅរថយន្តស្ទូចមកស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖