ខេត្តកំពង់ចាម ៖ រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ដែលជាកាផ្តួចផ្តើមកសាងឡើងដោយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នឹងបានយកមកតម្កល់នៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ហើយរដ្ឋបាលខេត្តគ្រោងនឹងធ្វើពិធីអភិសេក នាពេលឆាប់ៗខាងមុខ។ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពង់ចាម។
សូមជម្រាបថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ បានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យទីតាំងដោយផ្ទាល់ ដើម្បីធ្វើការរៀបចំប្រារព្ធពិធីអភិសេករូបសំណាកខាងលើ ទៅតាមប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង។
តាមប្រសាសន៍លើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។
ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌៕
ដោយ៖ ស តារា