ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២នេះថា៖ មុខសញ្ញាចោរលួចយ៉ាងសកម្មនៅក្រុងសៀមរាប ចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ និងម៉ូតូ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ១-ជនសង្ស័យឈ្មោះ យ៉ុង សារួត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបោះគោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (អ្នកធ្វើសកម្មភាព និងជាមុខសញ្ញាសកម្ម) ។ ២. ជនសង្ស័យឈ្មោះ សែន សឿង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិល្វាក្រាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។ បច្ចុប្បន្នស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកសមគំនិត) ។ និង៣. ជនសង្ស័យឈ្មោះរ៉ា ស្រីតា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ បច្ចុប្បន្នស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (អ្នកសមគំនិត) ពាក់ព័ន្ធនិងករណីអំពើលួច (លួចម៉ូតូ-ទូរស័ព្ទ ) ។
បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង៤២នាទី នៅចំណុចតាមផ្លូវក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច(លួចទូរស័ព្ទ)ម៉ាកIphone xsmas ពណ៌ទឹកមាស ចំនួន ០២គ្រឿង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿងម៉ាក Suzuki Hayate ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ សារិទ្ធ ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ កើតហេតុ ខណៈពេលដែរជនរងគ្រោះទុកទូរស័ព្ទក្នុងហោប៉ៅម៉ូតូស្កូបពី រួចចូលក្នុងផ្ទះដោយមិនបានយកទៅតាម ។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនបាត់ ។ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេត និងចុះទៅកន្លែងកើតហេតុ ហើយពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាខាងលើ ។
លុះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យខាងលើបានជិះម៉ូតូដដែល ហើយត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ល្បាតឃើញនៅកន្លែងប្តូរប្រាក់ ហើយជនសង្ស័យប្រុងរត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ទាន់ពេល រួចយកមកសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើពិតមែនដោយទូរស័ព្ទយកអោយជាងដោះលេខកូដ និង ០១គ្រឿងទៀតឲ្យបក្សពួកយកទៅលក់ ហើយជនសង្ស័យបានឆ្លើយសារភាពទៀតថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងសៀមរាបចំនួន០៣គ្រឿងផងដែរ។
ដោយលើកទី១៖ ជនសង្ស័យបានលួចម៉ូតូ Suzuki Hayate ពណ៌ខ្មៅ គ្មានស្លាកលេខ (ថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០២២ )នៅម្តុំវត្តស្វាយ សង្កាត់សាលាកំរើក (ប្រើបាស់រាល់ថ្ងៃ) ,លើកទី២៖ ជនសង្ស័យបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៣ បិទតែមសេរីឆ្នាំ២០១៤ នៅក្នុងផ្សារសាមគ្គី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (នៅថ្ងៃទីមិនចាំ ខែឧសភា ឆ្នាំ២០២២) ត្រូវបក្ខពួកស៊ីដាច់ត ។ និងលើកទី៣៖ ជនសង្ស័យបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាមួយបក្ខពួក ហើយយកទៅបញ្ចាំនៅប៉ោយប៉ែត ។ ចំណែកប្រាក់ដែលបានមកពីការបញ្ចាំម៉ូតូជនសង្ស័យចែកទៅឈ្មោះរ៉ា ស្រីតា និងប្រាប់ថាបានពីការលួចម៉ូតូ ។
ជនសង្ស័យឈ្មោះ សែន សឿង បានឆ្លើយសារភាពថាខ្លួនបានយកទូរស័ព្ទពីជនសង្ស័យយកទៅលក់ពិតមែន និងបាននាំគ្នាយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅប៉ោយប៉ែត ។
ជនសង្ស័យឈ្មោះ រ៉ា ស្រីតា បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹងថាជនសង្ស័យឈ្មោះយ៉ុង ណារ៉ាត់ បានលួចម៉ូតូ និងទូរស័ព្ទ ដោយខ្លួនក៏បានទទួលប្រាក់ពីឈ្មោះយ៉ុង ណារ៉ាត់ នេះផងដែរ ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចស្រាវជ្រាវ និងរកឃើញវត្ថុតាងមួយចំនួនរួមមាន ៖ ម៉ូតូចំនួន ០២គ្រឿង ទូរស័ព្ទចំនួន ០២គ្រឿង ។ តាមរយៈការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើទាំងបី លទ្ធផល វិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
ដោយ៖សហការី