ព័ត៌មានទាន់ហេតុការណ៍៖

តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សម្ពោធផ្លូវ១ខ្សែប្រវែង២,៥៥០ម៉ែត្រនៅក្រុងបាវិត និងបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែប្រវែង២,៧០០ម៉ែត្រនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាតំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលំចំនួន១ខ្សែ ប្រវែង២,៥៥០ម៉ែត្រ ចូលទៅកាន់ភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងបន្តប្រកាសបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែទៀត ប្រវែង២,៧០០ម៉ែត្រ នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកលឹមសៀងហេង អភិបាលក្រុងបាវិតលោកនាយករដ្ឋបាលសាលាក្រុងចៅសង្កាត់ច្រកម្ទេសលោកមេឃុំពពែតស្មៀនឃុំនិងមន្ត្រីដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

លោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានថ្លែងថា ដោយមានការសំណូមពរពីព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង និងដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកស្រី ប៉ែន ចាន្នី បានបញ្ហាឲ្យលោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកស្រី ចុះមកសម្ពោធផ្លូវមួយខ្សែស្ថិតនៅក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត និងប្រកាសបើកការដ្ឋានជួសជុលផ្លូវលំចំនួន១ខ្សែបន្ថែមទៀត ដែលមានការខូចខាតទាំងស្រុងប្រវែង២,៧០០ម៉ែត្រ ស្ថិតនៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោក យិន ច័ន្ទធួន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចាន្ទី ផងដែរ។

លោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានថ្លែងផ្តាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវនេះសូមមេត្តាជួយថែទាំឲ្យបានល្អប្រើប្រាស់បានយូរអង្វែង ព្រោះនេះជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ៕

ដោយ៖យឹម សុថាន


ចែករំលែក៖