ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  សរុបសេចក្តីមក ព្រះសម្មាសម្ពុទ្ធទ្រង់បានលះអធម៌ដោយព្រះអង្គឯងផ្ទាល់ ទ្រង់បានសន្សំបារមីតាក់តែងធម៌ឲ្យកើតក្នុងសន្ដានរបស់ព្រះអង្គក៏ដោយព្រះអង្គផ្ទាល់ ។ ចំណែកឯមនុស្សយើងក៏ត្រូវលះអធម៌ព្យាយាមតាក់តែងកសាងធម៌ដោយសារខ្លួនឯងផ្ទាល់តែម្យ៉ាងដែរ ដូចព្រះអង្គទ្រង់សម្តែងថា ការកើតឡើងនៃអក្ខរៈដល់ពួកសត្វទាំងនោះឯងដូចគ្នានឹងសត្វទាំងឡាយដទៃដែរមិនមែនខុសគ្នាទេ កើតឡើងតែដោយធម៌ប៉ុណ្ណោះឯង មិនមែនដោយអធម៌ទេ( បិដក១៨ ទំព័រ ១៨៩) ។

  ព្រះពុទ្ធបានសម្ដែងថា ការពួកមនុស្សសមាទាននូវកុសលកម្មបថ១០ បានគ្រប់អន្លើបានសេចក្តីថា មនុស្សលោកលះ លោភៈ ទោសៈ មោហៈ បញ្ញាកើតឡើងបរិបូណ៌ខណៈណាព្រះមេតេយ្យនឹងកើតឡើងក្នុងលោក ក្នុងពួកមនុស្សដែលទ្រទ្រង់កុសលកម្មបថ១០ ក្នុងខណៈនោះ។

  ពួកមនុស្សនឹងមានអាពាធតែ៣យ៉ាង គឺចំណង់ក្នុងអាហារមួយ បរិភោគអាហារមិនបានមួយ សេចក្តីគ្រាំគ្រារាងកាយមួយត្រង់នេះអាចសន្និដ្ឋានបានថាមនុស្សមុននឹងបានសេចក្តីសុខគ្រប់ប្រការនៅក្នុងលោកនេះ។ចំណែកឯសេចក្តីថាព្រះមេតេយ្យអរហន្តសម្មាសម្ពុទ្ធ នឹងកើតឡើងក្នុងលោក ខ្ញុំសូមធ្វើសេចក្តីសន្និដ្ឋានដូចខាងក្រោម÷

  ព្រះពុទ្ធ ៤ ព្រះអង្គខាងដើមដែលបាននិព្វានកន្លងទៅហើយមានព្រះបរមនាមជាលក្ខណៈបុគ្គលភាពធម្មតាប៉ុណ្ណោះ ប៉ុន្តែព្រះពុទ្ធព្រះនាមថា មេតេយ្យនេះអាចសន្និដ្ឋានថា ជាតួអង្គព្រះពុទ្ធដែលមានព្រះទ័យមេត្តាមែនក៏ថាបាន ឬក៏អាចសន្និដ្ឋានបានថា ជាអក្ខរៈ ដែលព្រះពុទ្ធសមណគោត្តមតែងតាំងឡើងដើម្បីតំណាងសម្គាល់ចំពោះទឹកចិត្តរាប់អាន  រស់នៅស្មើភាពគ្នារបស់មនុស្សនាយុគមាសខាងមុខ ក៏អាចថាបាន ព្រោះពាក្យថាមេតេយ្យនេះមិនគួរផ្ដល់នូវការសម្គាល់ខាងបុគ្គលភាពនោះឡើយ អាស្រ័យពាក្យនេះសម្រាប់សម្គាល់បែ៉កផ្លូវចិត្ត ខាងព្រហ្មវិហារធម៌ប៉ុណ្ណោះ ។ ប្រសិនបើជាព្រះពុទ្ធអងគ្គនេះ ទ្រង់មិនបាច់និមន្តសំដែងធម៌ប្រោះសត្វដូចព្រះសមណគោត្តមនោះ ក៏ពួកមនុស្សទូទៅនៅសម័យនោះ ប្រកបដោយធម៌ ដល់នូវសេចក្តីរុងរឿងគ្រប់ប្រការរួចហើយព្រោះតែស្ដេចចក្រពត្តិសង្ខចក្របានគ្រប់គ្រងដោយធម៌ មានមហាសមុទ្រជាព្រំប្រទល់ មិនមានស្ដេចសងសឹកសត្រូវនឹងគ្នាមានន័យថា ខណ្ឌព្រំសីមាប្រទេសនៅពេលនោះ នឹងដួលរលំអស់។

  ព្រះសម្មាសម្ពុទ្ធមុនព្យាករណ៍ព្រះសមណគោត្តមថា មុននឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោក បានធ្វើទុក្ករកិរិយា តាមបែបព្រហ្មញ្ញសាសនា ។ ចំណែកព្រះសមណគោត្តមក៏ព្យាករណ៍ពីការត្រាស់ដឹងរបស់ព្រះពុទ្ធមេតេយ្យពុំឃើញមានការធ្វើទុក្ករកិរិយានោះឡើយ ។ត្រង់ចំណុចនេះអាចសន្និដ្ឋានបានថា ព្រះសម្មាសម្ពុទ្ធមេតេយ្យ បានសម្រេចការត្រាស់ដឹងដោយបញ្ញាធិកជាប្រាកដមែន ពុំមែនដោយវីរិយធិក ឬសទ្ធាធិកនោះឡើយ។

(នៅមានត)

 

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ ÷ ចៅតាជេត


ចែករំលែក៖