ខេត្តកណ្ដាល ៖ សាកសពនារីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅលើផ្លូវជាតិលេខ២១បេ សង្ស័យជាអំពើឃាតកម្ម។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២២នៅចំណុចលើផ្លូវលេខ២១បេ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នារីជនរងគ្រោះឈ្មោះ ស៊ន ពីសី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ យីហោបីយ៉ង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ១៣ បូរីគ្រីស្តាល់ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុខាងលើវេលាម៉ោង៥និង៣០នាទី ប្រជាពលរដ្ឋបានធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះខាងលើដេកស្លាប់នៅលើផ្លូវលេខ២១បេ ក្នុងភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មិនដឹងមកពីណា ភ្លាមនោះក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចផ្នែកជំនាញរបស់អធិការដ្ឋានក្រុងតាខ្មៅចុះមកពិនិត្យ។
សមត្ថកិច្ចការិយាល័យបច្ចេកទេសខេត្ត និងសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថា សាកសព ផ្នែកក្បាលមានស្នាមរបួស២កន្លែង លើថ្ងាសចុងជើងសក់ខាងមុខមួយកន្លែង និងលើថ្ងាសចុងសក់ខាងស្តាំ ជម្រៅដល់លលាដ៍ក្បាល និង បាក់ឆ្អឹងជំនីរទី៥ខាងស្តាំមួយកន្លែង ។
សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ របួសក្បាលធ្ងន់ធ្ងរ និងបាក់ឆ្អឹងជំនីរខាងស្តាំ។ ក្រោយពីពិនិត្យរួច សាកសពត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យជ័យជំនះដើម្បីឱ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាង ជ័យ