នៅថ្ងៃទី២៨ ខែឧសភា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានដាក់ពង្រាយកម្លាំងសម្រាប់ជួយដល់រដ្ឋ Pernambuco ទប់ទល់នឹងគ្រោះធម្មជាតិខណៈមានអ្នកស្លាប់៣៥នាក់ និងពលរដ្ឋជិត១ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាព។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា តាមអាជ្ញាធរប្រេស៉ីលបានឱ្យដឹងថា នៅរដ្ឋ Pernambuco ដែលរងគ្រោះធ្ងន់ធ្ងរជាងគេមានមនុស្សយ៉ាងហោចណាស់៣៣នាក់បានស្លាប់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ស្របពេលដែលភ្លៀងធ្លាក់បានបង្កជាគ្រោះរអិលបាក់ដី ហើយវាយប្រហារលើសហគមន៍ដែលរស់នៅតាមជម្រាលភ្នំ។ មនុស្សចំនួន៧៦៥នាក់ក៏ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានជាបណ្តោះអាសន្នផងដែរ។ រីឯនៅរដ្ឋក្បែរខាងគឺ Alagoas មានមនុស្ស២នាក់បានស្លាប់។
កាលពីចន្លោះចុងខែធ្នូឆ្នាំមុនដល់ដើមខែមករា ឆ្នាំនេះ មានមនុស្សរាប់សិបនាក់បានបាត់បង់ជីវិត និងរាប់ម៉ឺននាក់ត្រូវព្រាត់ប្រាស់ពីផ្ទះសម្បែងនៅពេលភ្លៀងបានធ្លាក់យ៉ាងជោកជាំក្នុងរដ្ឋBahia ដែលស្ថិតនៅភាគឦសានប្រទេសដូចគ្នា។ ក្រោយមក នៅចុងខែមករា មនុស្សយ៉ាងហោចណាស់១៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋ Sao Paulo ភាគអាគ្នេយ៍ ខណៈដែលនៅខែកុម្ភៈ ភ្លៀងបានធ្លាក់ខ្លាំងនៅតាមតំបន់ភ្នំនៃរដ្ឋ Rio de Janeiro បានផ្តាច់ជីវិតមនុស្សរហូតដល់ជាង២៣០នាក់។
កាលពីឆ្នាំ២០២១ ប្រេស៉ីលបានជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ប៉ុន្តែមកដល់អំឡុងចុងឆ្នាំ ការធ្លាក់ភ្លៀងខ្លាំងក្លាខុសពីធម្មតា ក៏បានចាប់ផ្តើម៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters