ព័ត៌មានទាន់ហេតុការណ៍៖

ពេលនេះជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង ១៤០០គីឡូក្រាម និងសារធាតុគីមីជាង ១១តោន ត្រូវបានអយ្យការស៊ើបសួររួចហើយ

ចែករំលែក៖

     ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរលើសំណុំរឿងជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ពាក់ព័ន្ធករណី គ្រឿងញៀនជាង១៤០០គីឡូក្រាមនិង សារធាតុគីមីជាង១១តោន លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា សំណុំរឿងនេះបានចោទប្រកាន់ពីបទ «ផលិត​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​តាមមាត្រា​៣៩​ និងមាត្រា​ ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​»។

    សូមបញ្ជាក់ថា កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ ចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១៤០០គីឡូក្រាមនិង សារធាតុគីមីជាង១១តោន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីបន្តនីតិវិធី។

    ជនសង្ស័យ​ចំនួន​៤​នាក់​នេះជាជនជាតិ​ចិន​តៃវ៉ាន់​ ៖​ ទី១-ឈ្មោះ​ TIEN​ CHAN​ FU​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ (​មេការ​)​ ។ ទី២-ឈ្មោះ​ KHOU​ PO​ WEN​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។ ទី៣-ឈ្មោះ​ TENG​ KUO​ CHING​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​ និងទី៤-ឈ្មោះ​ LIN​ YI​ CHHENG​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។​ 

    ដោយអនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោកនាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោកនាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​លោកឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​​សម្របសម្រួល​ពី​លោក​ អ៊ុំ​ សុភ​ក្តិ៍​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ ខៃ​ ស​ម្ភ​ស្ស​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន០៤នាក់។

     គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១៨​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២​ កម្លាំងសមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​០២​ខែ​រួច​មក​ បានបើកប្រតិបត្តិការបង្ក្រាបកន្លែងមន្ទីរពិសោធន៍​លួចលាក់​កែ​ច្នៃ​ផលិត​សារធាតុ​ញៀន​នៅ​ ៣​ទីតាំង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ រួមមាន៖ 

​ចំណុច​ទី​១​-នៅ​បន្ទប់​លេខ​៨០២​ ក្នុង​ខុន​ដូ​ J​ CITY​ ផ្លូវ​លេខ​៣២២​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។​

ចំណុច​ទី​២-ស្ថិត​នៅ​ក្នុង​ចម្ការ​ស្វាយ​ ភូមិ​តាំង​ស្រឹង​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ និងចំណុច​ទី​៣-ស្ថិត​នៅ​ក្នុង​ចម្ការ​ស្វាយ​ ភូមិ​ស្រល់​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

    ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ​ម៉ាស៊ីន​ ឧបករណ៍​ សម្ភារ​សម្រាប់​កែ​ច្នៃ​ ផលិត​ វេច​ខ្ចប់​មួយ​ចំនួន​ធំ​ ,សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ ទម្ងន់​ ជាង៤១គ.ក្រ ,ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន​ ទម្ងន់​១៤២៥គ.ក្រ, ថ្នាំ​គ្រាប់​នី​មេតា​ហ្សេ​ប៉ា​ម​ ទម្ងន់​០.៩ក្រាម និងសារធាតុ​គីមី​ផ្សំ​ជាង១១តោន។​

   ​បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបើកការស៊ើបសួរនៅឡើយ អាចសម្រេចឃុំខ្លួននៅល្ងាចនេះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖