ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ពីសេចក្តីជូនដំណឹង ស្តីពី ការរំលឹកកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធប្រចាំខែ និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមប្រព័ន្ធអនឡាញ (E-Filing & ToI E-Filing) ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ឱ្យបានជ្រាបថា អនុលោមតាមសេចក្ដីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធ អាជីវកម្មប្រចាំខែតាមអនឡាញ (E-Filing) និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាម អនឡាញ(ToI E-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យម និងធំ ដើម្បីសម្រួលដល់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំរបស់សហគ្រាសឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ធានាបាននូវតម្លាភាព ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងភាពជឿទុកចិត្តក្នុងការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ។
កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសភាគច្រើនបានអនុវត្តពេញលេញក្នុងការ ប្រើប្រាស់នូវប្រព័ន្ធការដាក់លិខិតប្រកាសតាមអនឡាញ ហើយសហគ្រាសមួយចំនួនតូចទៀតនៅមិនទាន់បានបំពេញ កាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធតាមអនឡាញនេះនៅឡើយ។ យោងតាមសេចក្ដីណែនាំខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការក្រើនរំលឹក និងអញ្ជើញសហគ្រាសអ្នកជាប់ពន្ធមធ្យម និងធំ ដែលមិនទាន់ប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ត្រូវ ចូលរួមអនុវត្តដាក់លិខិតប្រកាសពន្ធដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing & ToI E-Filing) ចៀសវាងនូវការទទួលរងទោសទណ្ឌផ្សេងៗជាយថាហេតុ។
ក្នុងករណីលោក-លោកស្រី មានសំណួរឬចម្ងល់ផ្សេងៗ និងចង់ស្វែងយល់បន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing & ToI E-Filing) លោក-លោកស្រីអាចពិនិត្យមើលលម្អិតក្នុងសៀវភៅ ណែនាំស្តីពីការប្រើប្រាស់ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមាននៅលើគេហទំព័រ https://www.tax.gov.kh ឬចូល ទស្សនាវីដេអូណែនាំ (Video Tutorial) ឬអាចទូរស័ព្ទមក Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែល អាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ IOS ឬ Play Store សម្រាប់ Android។
អគ្គនាយកដ្ឋានពន្ធដារ ជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហត្រាសទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំស្តីពីការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ(E-Filing & ToI E-Filing) ដើម្បីធ្វើការដាក់លិខិតប្រកាសនិងបង់ ប្រាក់ពន្ធប្រចាំខែនិងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំប្រកបដោយការទទួលខុសត្រូវ សុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សិលា