(តពីលេខមុន)
ធម៌សំដៅការកើតឡើងនៃអកុសលហេតុ រួមមាន អលោភៈ អទោសៈ អមោហៈ រួមរស់មកនៅត្រឹមបញ្ញា អាស្រ័យដោយសារកុសលកម្ម។ បញ្ញានេះបើពោលដោយអត្ថៈមានសេចក្តីថា សភាវៈដឹងច្បាស់១ សភាវៈសុខ១ ។ ប្រទេសជាចក្រពតិ្តប្រកបដោយរតនៈជាទិព្វ ផ្អែកតាមពុទ្ធដីកាបានបង្ហាញច្បាស់ថា ក្រៅពីការគ្រប់គ្រងដោយធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច គឺមិនអាចខ្វះបានឡើយ។ ដូច្នេះការគ្រប់គ្រងដោយធម៌ពោលគឺបញ្ញានេះ ក៏មិនអាចខ្វះមុខវិជ្ជាឯកទេសផ្សេងៗបានឡើយ។
បញ្ញា ជាសភាវៈដែលមានការប្រព្រឹត្តទៅដោយដឹងហេតុបច្ច័យច្បាស់លាស់ ដឹងនូវលក្ខណៈផលប្រយោជន៍សារៈតាមតម្រូវការពិត មិនមានសេចក្តីវង្វេង ភ័ន្តច្រឡំដ៏តិចតួចឡើយ ដោយប្រព្រឹត្តទៅយ៉ាងសុខស្ងប់មិនញាប់ញ័រ ភ័យស្លន់ស្លោ ត្រេកត្រអាលដូចមោហៈនោះទេ គឺបញ្ញាជាសភាវៈស្គាល់ច្បាស់នូវហេតុ កាលញ៉ាំងកម្មឲ្យប្រព្រឹត្តទៅ ក៏រមែងប្រកបដោយកុសលហេតុជាធម្មតា។
វិជ្ជាសំដៅសម្គាល់នូវចំណេះដឹងតាមផ្លូវកាយ វាចា ឬចិត្តក្នុងការធ្វើឬរចនាកែខៃការងារណាមួយ វត្ថុរបស់ណាមួយដែលមិនទាន់អាចយកទៅប្រើប្រាស់តាមតម្រូវការបានឲ្យប្រែក្លាយទៅជាសមិទ្ធផលស្នាដៃដែលអាចប្រើប្រាស់បានតាមតម្រូវការ ។ ការចេះធ្វើ ចេះនិយាយ ចេះគិតត្រឹមត្រូវប៉ុណ្ណោះ មានឈ្មោះហៅថាវិជ្ជាការ។ ចំណែកឯខាងលោភៈ ទោសៈ មោហៈ ដែលជាអកុសលហេតុនោះបុគ្គលមានវិជ្ជាមិនអាចដឹងច្បាស់ពីសភាវៈនៃកិលេសនេះបានឡើយ បុគ្គលមិនអាចលះបាននូវកិលេសនេះឡើយ។
ដូច្នេះ វិជ្ជាការផ្សេងៗដែលកើតឡើងអាស្រ័យបញ្ញានោះ ទើបជាធម៌ពិត ធម៌មែន ជាគុណដ៏ប្រសើរបំផុតក្នុងសង្គម ឃើញថា វិជ្ជានេះជាសភាវៈដែលកាន់តែត្រូវពង្រឹងពង្រីកបន្ថែមឲ្យកាន់តែសុក្រិត អាស្រ័យហេតុបច្ច័យដូចបានសម្ដែងខាងលើ៕(នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត