ព័ត៌មានទាន់ហេតុការណ៍៖

Saint-Etienne ធ្លាក់ចេញពី Ligue 1 បន្ទាប់ពីចាញ់ Auxerre ក្នុងបាល់កាត់សេចក្តីបាល់ប៉េណាល់ទី

ចែករំលែក៖

ការបរាជ័យរបស់ក្រុម Saint-Etienne បានបង្កឱ្យមានការលុកលុយក្នុងទីលានដោយអ្នកគាំទ្រក្រុមនេះបានខឹងសម្បារ ដោយមានការផ្ទុះអាវុធជាច្រើននៅទីតាំងសំខាន់ និងកើតមានហិង្សានៅផ្លូវរូងក្រោមដីរបស់កីឡាករ។ ភ្លាមៗប៉ូលិសប្រដាប់ដោយខែល និងដំបងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកគាំទ្រដែលប្រើហិង្សាទាំងនោះ។

ការធ្លាក់ទៅលេងនៅលីគលំដាប់ទី២របស់បារាំងនៃក្រុម Saint-Etienne នេះបានបញ្ចប់រយៈពេល១៨ឆ្នាំក្នុងក្របខ័ណ្ឌកំពូលសម្រាប់ជើងឯកបារាំង១០សម័យ ហើយការវិលត្រឡប់មកវិញសម្រាប់ក្រុម Auxerre បន្ទាប់ពីអវត្តមានរយៈពេល១០ឆ្នាំ។

បន្ទាប់ពីស្មើក្នុងលទ្ធផល ១-១ ក្នុងជើងទី១ កីឡាករ Hamza Sakhi របស់ Auxerre បានបើកការស៊ុតបញ្ចូលទី មុនពេលកីឡាករ Mahdi Camara របស់ Saint-Etienne តាមស្មើវិញ។ លទ្ធផលស្មើនេះត្រូវបានកាត់សេចក្តីដោយបាល់ប៉េណាល់ទី ហើយអ្នកចាំទី Donovan Leon របស់ក្រុមAuxerre បានសង្គ្រោះពីការស៊ុតបាល់ប៉េណាល់ទី១គ្រាប់របស់កីឡាករRyad Boudebou ខណៈដែលកីឡាករ Birama Toure ស៊ុតបញ្ចូលទីក្នុងលទ្ធផលប៉េណាល់ទី ៥-៤ ។

ក្រោយពីចប់ការទាត់បាល់ប៉េណាល់ទី ​ភ្លាមៗ​ពេល​បាល់​ចូល​សំណាញ់ទីអ្នក​គាំទ្រ​បាន​ហក់​ចូល​ទីលានព្រោងព្រាត ហើយពេលនោះកីឡាករ​បាន​រត់​គេច​ទៅ​កន្លែង​សុវត្ថិភាព​នៃ​បន្ទប់​ផ្លាស់​ប្តូរ​សំលៀកបំពាក់ ខណៈ​ប៉ូលិស​ព្យាយាម​បំបាត់​បញ្ហា។

ក្រុមអ្នកគាំទ្របានបង្ហាញពីការខឹងសម្បារ និងឈានដល់អំពើហិង្សាកាន់តែអាក្រក់នៅកីឡដ្ឋាន Stade Geoffroy-Guichard របស់ Saint-Etienne។ ក្លិបនេះត្រូវបានពិន័យជាច្រើនដងក្នុងរដូវកាលនេះសម្រាប់បញ្ហាហ្វូងមនុស្ស ហើយការប្រកួតកាលពីថ្ងៃអាទិត្យត្រូវបានលេងដោយបិទទ្វារបន្ទាប់ពីមានចលាចលក្នុងការប្រកួតជាមួយក្រុម Monaco កាលពីខែមុន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖