ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនស្រវឹងស្រាបើករថយន្តមិនប្រកាន់ស្ដាំទៅបុករថយន្តនិងម៉ូតូ២គ្រឿងដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យរងរបួសមនុស្ស២នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានស្ត្រីជាកម្មការិនី២នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់រវាងរថយន្ត២គ្រឿងបុកបញ្ច្រាសទិសគ្នារួចបន្តទៅបុកម៉ូតូ២គ្រឿងទៀត បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍និងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៩នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥៨-១៥៩ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

     តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ម៉ម ដានី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំជិះម៉ូតូម៉ាកហុងដា SCOOPY ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១R-៣៦០៩និងឈ្មោះ ងួន សាអន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិចក ឃុំចក ស្រុករំដួល ខេត្តស្វាយរៀងជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១R-១៤៨៥។

   ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ MOU GANGYAN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជីលូ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បើករថយន្តម៉ាក SIENA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២BA-០២០៨ និងអ្នកបើករថយន្តម្ខាងទៀតមានឈ្មោះទេព សម្បត្តិ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងបើករថយន្តម៉ាកLEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ស្វាយរៀង ២B-៥៧៤៣ រងការខូចខាតយ៉ាងដំណំ។

    បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសជនជាតិចិនម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក SIENA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២BA-០២០៨នៅលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្ដាំ និងមានជាតិអាល់កុលក្នុងខ្លួនផងក៏បុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកម៉ាកLEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ស្វាយរៀង ២B-៥៧៤៣ដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹង រួចបន្តទៅបុកម៉ូតូ២គ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅពីលិចមកកើតបង្កការភ្ញាក់ផ្អើលតែម្ដង។

    អ្នករងរបួសទាំង២នាក់ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំណែកមធ្យោបាយធ្វើដំណើរទាំង៤គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត និងបាននាំខ្លួនបុរសជនជាតិចិនបង្កហេតុយកទៅសាកសួរដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖