ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថាមន្ត្រីគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា  មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសភូមិ-ឃុំមានសុវត្ថីភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​គណបក្សប្រជាជនកម្ពុជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​ លោកបណ្ឌិត​ ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅរាជធានីភ្នំពេញ, កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ​ ដោយមានការចូលរួមយុវជនសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា  យុវជនខេត្តកណ្ដាលក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រមាណជាង៣ពាន់នាក់។

លោកបណ្ឌិត​ ហ៊ុន ម៉ាណែត បានបន្តថា៖​ ការជួបជុំនាពេលនេះ សរបញ្ជាក់អំពីការគោរពស្រលាញ់ និងជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមជំនួយការ នៃលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានខិតខំបម្រើស្ថាប័នប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ 

ទន្ទឹមនឹងនេះ ក៏បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំ និងដំណើរការប្រកបដោយប្រសិទ្ធភាព នៃរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងជាការបង្ហាញនូវកិត្តិយស និងមោទកភាពរបស់យុវជនក្នុងការឈានជើងចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដ៏មានឧត្តមភាព និងប្រកបដោយស្នាដៃ និងគុណបំណាច់ធំធេងជាប្រវត្តិសាស្ត្រជាច្រើនមក។ ជាពិសេស គណបក្សយើង គឺជាមហាគ្រួសារដ៏ធំ ដែលតែងបានប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម គឺការរក្សាការពារសុខសន្តិភាព សិ្ថរភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត និងសេចក្តីចម្រុងចម្រើនជូនប្រជាពលរដ្ឋ។

ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ បានបញ្ជាក់បន្ថែមថា៖ យុវជនគណបក្សប្រជាជនកម្ពុជាមានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេក្នុងការបម្រើគណបក្សអស់រយៈពេលជាង៧០ឆ្នាំ កន្លងមកនេះ ហើយក៏នឹងបន្តធានាប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍប្រែប្រួលរបស់សង្គមជាតិ ក្នុងនាមជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក៕

ដោយ​៖ ស​ តារា​


ចែករំលែក៖