ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជំរិតទារប្រាក់ជាង៥៦ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

     ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ចំនួន៥៦៥ ០០០ដុល្លារអាមេរិក ។ 

     ជនជាប់ចោទឈ្មោះ WANG ZHANG FU ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកជំនួញ ស្នាក់នៅខុនដូព្រីនស៍ដាយមិនវ័ន ជាន់ទី១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

     ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធបទឧក្រិដ្ឋបង្ខាំងមនុស្ស និងជំរិតទារប្រាក់។ 

    ទាក់ទិននឹងបទចោទខាងលើនេះត្រូវបានគេដឹងថា កាលពីវេលាម៉ោង៤ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានឧក្រិដ្ឋជន១ក្រុមសុទ្ធតែជនជាតិចិន បានជិះរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង ពណ៌ផ្សែងបារី បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នារុញចូលរថយន្ត ស្ថិតនៅលើដងផ្លូវមួយខាងក្រោយលំនៅឋានសម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

    ក្រោយឧក្រិដ្ឋជនចាប់ជនរងគ្រោះយកទៅ រហូតដល់វេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ទើបឧក្រិដ្ឋជនបានធ្វើការដោះលែងជនរងគ្រោះមកវិញ ដែលជាថ្នូរនឹងទឹកប្រាក់៥៦៥.០០០ ដុល្លារអាមេរិក ។បន្ទាប់ពីមានការដោះលែងជនរងគ្រោះ ក៏បានសហការជាមួយសមត្ថកិច្ចដាក់ពាក្យបណ្តឹងប្តឹងចំពោះជនល្មើស៤នាក់ ដែលពាក់ពន្ធក្នុងអំពើចាប់បង្ខាំងជំរិតទារប្រាក់នោះ ។ 

    សូមបញ្ជាក់ដែរថា បន្ទាប់ពីហេតុការណ៍នោះបានកើតឡើងកម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋាន និង នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញបានចុះទៅដល់ និងបានធ្វើកំណត់ហេតុដោយកំណត់មុខសញ្ញាក្រុមជនឧក្រិដ្ឋពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់នោះ ។ 

    ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ កម្លាំងសមត្តកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស៊ើបអង្កេត និងស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនៅលើដងផ្លូវសាធារណៈ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ដូចមានឈ្មោះខាងលើនេះ និងបន្តស្រាវជ្រាវតាមរកចាប់ខ្លួនបក្ខពួកថែមទៀត ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖