ប្រធានក្រុមជួយសង្គ្រោះក្នុងតំបន់បានឱ្យដឹងថា មកទល់ពេលនេះមិនទាន់មានបញ្ជីឈ្មោះផ្លូវការស្តីពីការលិចស្រឡាងនៅឡើយទេ ប៉ុន្តែក្នុងពេលគ្រោះថ្នាក់មានអ្នកដំណើរ៤២នាក់នៅលើស្រឡាងនោះ។
នៅថ្ងៃទី៣០ ខែឧសភា មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសថា មានមនុស្ស ៣១នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយនៅមានអ្នកដំណើរ១១នាក់ទៀតបាត់ខ្លួនក្រោយការលិចស្រឡាងដោយសារតែអាកាសធាតុអាក្រក់នៅតំបន់សមុទ្រប្រទេសឥណ្ឌូនេស៊ី។
ប្រភពព័ត៌មានបានឱ្យដឹងថា នាវាសណ្តោង និងកប៉ាល់នេសាទបានទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ ក្រោយពីស្រឡាងឈ្មោះ Ladang Pertiwi បានលិចពេលកំពុងតែដឹកអ្នកដំណើរនៅច្រកសមុទ្រ Makassar ។ ក្រុមជួយសង្គ្រោះមានទាំងឧទ្ធម្ភាគចក្របានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន។
ប្រធានក្រុមជួយសង្គ្រោះបានឱ្យដឹងថា ស្រឡាងមិនទទួលបានលិខិតអនុញ្ញាតឱ្យដឹកអ្នកដំណើរនោះឡើយ ហើយមន្ត្រីក្នុងតំបន់កំពុងតែសួរចម្លើយម្ចាស់ស្រឡាង។
គ្រោះថ្នាក់ផ្លូវទឹកតែងតែកើតឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានកោះរហូតដល់១៧០០០កោះ ភាគច្រើនជាកោះមានមនុស្សរស់នៅ ហើយការធ្វើដំណើរពឹងផ្អែកទៅលើស្រឡាងចម្លង ។ នៅក្នុងខែឧសភានេះ មានស្រឡាងដឹកអ្នកដំណើរ៨០០នាក់ជាប់កឿងនៅតំបន់សមុទ្រខេត្ត Nusa Tenggara រយៈពេល២ថ្ងៃ៕ ដោយ៖ ធីរីណា
រូបថត៖news.detik.com