ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើរជើងលេខ២១ បើកវគ្គហ្វឹកហ្វឺនបំប៉នថ្មើរជើង ពង្រឹងវរសេនាតូចថ្មើរជើងលេខ២១៣ ក្រោមអធិបតី មេបញ្ជាការកងពល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖  នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ អ៊ិន ស៊ីដារ៉ា មេបញ្ជាការកងពលតូចថ្មើរជើងលេខ២១ បានអញ្ជើញជាគណអធិបតី ក្នុងពីធីបើកវគ្គហ្វឹកហ្វឺន បំប៉នថ្មើរជើងពង្រឹងវរសេនាតូចឆ្នាំ២០២២ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៣ ។

តាមបាយការណ៍បើកវគ្គដែលផ្តល់ដោយវរសេនីយ៍ត្រី ស៊ឹម ហ៊ា មេបញ្ជាការរងវរសេនាតូចថ្មើរជើងលេខ២១៣ ទទួលបន្ទុកការងារហ្វឹកហ្វឺនបានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉ន់ថ្មើរជើងពង្រឹង វរសេនាតូចថ្មើរជើងលេខ២១៣ មានរយៈពេលសិក្សាសរុបចំនួន ៣៥ថ្ងៃ និងសិក្ខាកាមសរុបចំនួន ១០០នាក់  និងគ្រូចំនួន ១០នាក់ ។ ខ្លឹមសារហ្វឹកហ្វឺនរួមមាន៖ យោធារួម , អប់រំចិត្តសាស្ត្រ , ឋានលេខា, យុទ្ធវិធីថ្មើរជើង, បច្ចេកទេសអាវុធថ្មើរជើង និងក្បាច់គុណ ។

មានមតិសំណេះសំណាលក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នថ្មើរជើង ពង្រឹងវរសេនាតូចថ្មើរជើងលេខ២១៣ លោកឧត្តមសេនីយ៍ទោ អ៊ិន ស៊ីដារ៉ា បានមានប្រសាសន៍ថា៖ វគ្គហ្វឹកហ្វឺនបំប៉នថ្មើរជើងពង្រឹងវរសេនាតូចឆ្នាំ២០២២ ដែលប្រារព្ធបើកនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការរួមចំណែកលើភារកិច្ចការពារជាតិមាតុភូមិនៃយើង សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភារកិច្ចបានរឹងមាំ។ ឆ្លៀតក្នុងឱកាសនេះដែរលោកមេបញ្ជាការក៏បានរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ជុំវិញបញ្ហាសុខភាព ផ្តោតសំខាន់លើជំងឺកូវីដ-១៩ ។ 

ជាទីបញ្ចប់លោកមេបញ្ជាការបានផ្តាំផ្ញើដល់គ្រប់បណ្តាអង្គភាពចំណុះវរសេនាតូចថ្មើរជើងលេខ២១៣ដែលមានចំនួនកម្លាំងកំណត់ក្នុងផែនការហ្វឹកហ្វឺន ត្រូវរំលឹកដាស់តឿន និងតាមដានជាប្រចាំនូវកម្មវិធីហ្វឹកហ្វឺន បើមានបញ្ហាអ្វីលំបាក់ ត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា។ ត្រូវបំផុសចលនាប្រឡងប្រណាំងដណ្តើមយកស្នាដៃបុគ្គលល្អ ក្រុមល្អ បង្កបរិកាសឲ្យមានភាពរស់រវើក ដើម្បីពេលបញ្ចប់វគ្គបានទទួលប័ណ្ណសរសើរ និងលិខិតសរសើរ។ក្រុមគ្រូត្រូវអនុវត្តន៍ភារកិច្ចរបស់ខ្លួន ឲ្យបានហ្មឹងម៉ាត់បំផុត ដោយធ្វើជាគំរូល្អដល់សិស្ស និងបញ្ចេញនូវទេពកោសល្យ អំពីសមត្ថភាព ទាំងចំណេះដឹងក្នុងការបង្រៀន ធ្វើយ៉ាណាឲ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដកពេលបញ្ចប់វគ្គ។ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ មានវិន័យខ្ពស់ គោរពបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងបានល្អ ធ្វើខ្លួនឲ្យស័ក្តិសមជាកងយោធពលខេមរភូមិន្ទ ៕

ដោយ ៖ សហការី


ចែករំលែក៖