ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមដងផ្លូវសុខៗ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកបុកពីចំហៀងពេញទំហឹង រួចហើយបើកគេចបាត់កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបវត្តមហាមន្ត្រី តាមបណ្តោយវិថីព្រះសីហនុ កែងផ្លូវ លេខ១៦៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សពជនរងគ្រោះ និងអ្នករងរបួសស្រាលគឺមិនស្គាល់អត្តសញ្ញាណនោះទេ ជាជនជាតិវៀតណាម។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ខាងលើនេះជិះម៉ូតូហុងដាឃ្លីកមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HJ-0074ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចភ្លើងស្តុបបំបែកជាបួនកន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរតាមបណ្តោយវិថីព្រះសីហនុក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នបានទៅបុកម៉ូតូពីចំហៀងផ្នែកខាងមុខខាងស្តាំពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលបោកទៅនឹងថ្នល់ធ្វើបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល។ក្រោយកើតហេតុរថយន្តបង្កនោះមិនបានឈប់ដោះស្រាយទេគឺបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោលតែម្តង។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុដើម្បីយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ