ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលដំណឹងពីការបញ្ចប់ការសិក្សារបស់និស្សិតយោធាខ្មែរនៅអាមេរិកម្នាក់ឈ្មោះម៉ូន ពេជ្រ (Moon Pich) ដែលត្រូវបានលោកយាយរបស់គាត់យកខ្សែគោនិងក្រមាប្រគល់ឱ្យនៅថ្ងៃបញ្ចប់ការសិក្សា។ សម្ដេចតេជោបានបញ្ជាក់ថា ការណ៍ដែលលោកយាយធ្វើបែបនេះគឺជាការរម្លឹកដល់ចៅកុំឱ្យភ្លេចពីប្រវត្តិដ៏លំបាក។
សូមបញ្ជាក់ថា ឆ្លើយក្នុង Comment របស់លោក ឯម ច័ន្ទមករា ដែលចែករំលែកពីការទទួលសញ្ញាបត្ររបស់លោក ម៉ូន ពេជ្រ នៅសហរដ្ឋអាមេរិកនាព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «គាត់ (លោកយាយ)ធ្វើនេះជាការរំលឹកមួយសម្រាប់ចៅកុំឱ្យភ្លេចពីប្រវត្តិដ៏លំបាករបស់យើង។ តាក៏សូមជូនពរចៅជួបតែសេចក្តីសុខសេចក្តីចម្រើន»។
សូមជម្រាបជូនថា លោក ម៉ូន ពេជ្រ (Moon Pich) បានបង្ហោះលើហ្វេសប៊ុកផេករបស់លោកកាលពីថ្ងៃចន្ទទី៣០ ខែឧសភាថា លោកយាយរបស់គាត់ខំរក្សាទុកខ្សែគោ និងក្រមានេះ១០ឆ្នាំហើយ សម្រាប់យកមកមើលពេលនឹកដល់ចៅនិងទុកប្រគល់ឱ្យចៅពេលចៅទទួលសញ្ញាបត្រ។
លោកសរសេរថា៖ «១០ឆ្នាំហើយដែលលោកយាយរក្សាទុកក្រមា និងខ្សែគោដែលខ្ញុំប្រើ ហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើននៅក្នុងថ្នក់បាយមានតែបាយនិងអំបិលដែលលោកយាយខ្ចប់ឱ្យប៉ុណ្ណោះ។ ពេលនេះលោកយាយបានយកខ្សែគោនិងក្រមាចាស់នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិត្យសភាយោធាអាមេរិក»។
ពាក្យដែលលោកយាយរបស់លោក ម៉ូន ពេជ្រ ប្រាប់ទៅគាត់ពេលទទួលបានសញ្ញាបត្រ និងប្រគល់កាដូនេះឱ្យនោះគឺ៖ «ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលឮអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើតរហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ»។
សាធារណជនបានសម្តែងនូវការពេញចិត្ត និងអបអរសាទរដល់លោក ម៉ូន ពេជ្រ (Moon Pich) ជាច្រើនផងដែរ។
ហ្វេសប៊ុកឈ្មោះ Mori Bora៖ «លោកយាយរបស់ប្អូនពិតជាសប្បាយចិត្តខ្លាំងហើយមើលទៅដែលបានឃើញចៅប្រុសគាត់រៀនសូត្រពូកែ ទទួលបានជោគជ័យពិតជាលើលោកមានតែមួយនៃកាដូដ៏ពិសេសនេះ»។
ហ្វេសប៊ុកឈ្មោះ Angelina Lee៖ «អានប្រវត្តិពិតរបស់ក្មួយហើយ ពិតជារំភើប នឹកសង្វេគក្នុងចិត្តណាស់ ថ្ងៃនេះក្មួយក៏ធ្វើបានសម្រេចបំណងប្រាថ្នាដែលមិនមែនគ្រប់គ្នាចេះតែធ្វើបានទេ ក្នុងនាមកូនកសិករក្រក្រី នេះជាកិត្តិយសដ៏ធំសម្រាប់ខ្លួនឯងនិងលោកយាយ ពិសេសជាមោទនភាពនៃជាតិខ្មែរ សូមអបអរសាទរនិងកោតសរសើរក្មួយអស់ពីដួងចិត្ត»។
លោក ម៉ិច សីហា៖ «ស្នាដៃមួយនេះបានបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាធ្វើបាន ហើយប្រទេសយើងពិតណាស់ប្រាកដជាមិនចាញ់ឆ្ងាយទេជាមួយប្រទេសដទៃ»៕
ដោយ ៖ សហការី