នៅថ្ងៃទី៣១ខែឧសភា ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថា មានយន្តហោះយោធាមួយគ្រឿងជួបគ្រោះថ្នាក់ ។ តាមក្រសួងការពារជាតិកោះតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះដែលធ្លាក់ជាប្រភេទ AT-3 កំពុងតែបំពេញបេសកកម្មហ្វឹកហាត់ ដោយហោះហើរចេញពីទីតាំងទាហានអាកាស Gangshan ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់។
ហេតុការណ៍គ្រោះថ្នាក់នោះបណ្តាលឱ្យអាកាសយានិកវ័យក្មេងម្នាក់ស្លាប់ ។ នេះជាជើងហោះហើរហ្វឹកហាត់លើកទីពីរហើយរបស់អាកាសយានិកវ័យក្មេងក្នុងសកម្មភាពហោះហើរម្នាក់ឯង។ ក្នុងពេលកម្លាំងជួយសង្គ្រោះទៅដល់កន្លែងកើតហេតុ ក៏បានរកឃើញសាកសពអាកាសយានិកនៅនឹងកន្លែង។
ប្រមុខដឹកនាំកោះតៃវ៉ាន់បានប្រកាសថា នឹងបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ខាងលើ ។ យន្តហោះ AT-3 ជាប្រភេទយន្តហោះ ហ្វឹកហាត់ ផលិតនៅក្នុងស្រុកដែលបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៨០ ដោយអាចបំពាក់អាវុធបានជាច្រើន ។
រយៈពេលកន្លងមក កោះតៃវ៉ាន់តែងតែជួបគ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំង ។ កាលពីខែមីនា យន្តហោះចម្បាំងប្រភេទ Mirage 2000 របស់កោះតៃវ៉ាន់ បានធ្លាក់ចូលក្នុងតំបន់សមុទ្រភាគខាងកើតប្រទេសនេះ ប៉ុន្តែអាកាសយានិកបានរួចផុតពីសេចក្តីស្លាប់ ។ កាលពីខែមករា យន្តហោះចម្បាំង F-16 ក៏បានធ្លាក់ចូលសមុទ្របណ្តាលឱ្យអាកាសយានិកម្នាក់ស្លាប់ផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ Taiwan News)