ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការបង្រៀនគូសសន្លឹកឆ្នោតនៅសង្កាត់កំពង់ចាម ទទួលបានលទ្ធផលមួយរយភាគរយ

ចែករំលែក៖

ខេត្តកំពង់ចាម៖​ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ឡៅ សុខារម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ,លោក អុិត ប្រាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងលោក ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត អញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្សប្រមាណ ៥០០នាក់ និងការដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិក សមាជិកា និងសកម្មជន ក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រ និងសុំភាពយុត្តិធម៌ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ 

កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ចាម ដោយមានការចូលរួមពីសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុង សង្កាត់ ក្រុមការងារចុះជួយក្រុង សង្កាត់ មន្ត្រីគណបក្សពាក់ព័ន្ធ និងសមាជិកសមាជិកា ប្រមាណ ៦០០នាក់ ។

ក្នុងពិធីសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតខាងលើ ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត អង្គពិធីបានរៀបចំកាតបោះឆ្នោតសាកល្បង ជាលិទ្ធផលគឺមានសមាជិក សមាជិកា ដែលបានចូលរួមបោះឆ្នោតនាពេលនោះប្រមាណ៥០០នាក់ ទទួលបានលទ្ធផលល្អមួយរយភាគរយ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បាន អបអសាទរនូវលទ្ធផលបោះឆ្នោតល្បងនាពេលនេះ និងបានណែនាំឱ្យសកម្មជន និងយុវជនបក្សបន្តចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានផុលផុស ក៏ដូចជាការត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ឆ្លៀតឱកាសនេះ​ លោកប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមក។  

លោក អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រធានគណបក្សខេត្ត ក៏បានស្នើឱ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំ សង្កាត់ទាំងអស់ទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឱ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងទ្វេរឡើង៕

ដោយ​៖សហការី​


ចែករំលែក៖