ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់ស្លាប់​ ដោយសារជិះ​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន

ចែករំលែក៖

ភ្នំពេញ៖ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ បណ្ដាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ រីឯ​ស្រ្តី​​ជា​ប្រពន្ធរងរបួស​ស្រាល ខណៈ​ដែលពួកគេជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿនហេីយគេច​ពី​រថយន្ត នៅខាងមុខក៏ជ្រុលទៅបុក​បង្កាន់ដៃស្ពាន​កំពង់ទួលទាំងកំរោល។ 

ហេតុ​ការណ៍​ខាងលេីនេះ​ កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ស្ពាន​កំពង់ទួល ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។​

​សព​ជនរងគ្រោះ ខាងលើ មានឈ្មោះ តុម ពុទ្ធិ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ភូមិ​តា​យ៉ៅ ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ស្រុកកំណើត នៅ​ភូមិ​ពោធិ​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​ប្រពន្ធ មានឈ្មោះ គន់ ស៊ី​ណាត អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ស្ត្រី ដែល​ត្រូវជា​ប្រពន្ធ​របស់​សព​បុរសរ​ង​គ្រោះ ខាងលើ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ ប្តី​របស់គាត់ និង​រូបគាត់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ចាម 1AB-9507 ឌុប​គ្នា​ធ្វើដំណើរ​ចេញ ពី​ផ្ទះជួល ដើម្បី​ឆ្ពោះទៅ​រោងចក្រ នៅឯ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រាំង​ពង្រ ក្នុងទិសដៅ​ពី ខាងត្បូង ទៅខាង​ជើង ខណ​:​ពេល​ដល់​ចំណុច​ស្ពាន​កំពង់ទួល បាន​ប្តី​របស់គាត់ បាន​បត់​ម៉ូតូ បម្រុង​នឹង​ត្រឡប់ទៅផ្ទះ​ជួល​វិញ ដោយ​ភ្លេច​មួកសុវត្ថិភាព ខណៈ​មកដល់​ចុងស្ពាន ខាងត្បូង ដោយ​ប្រញាប់​ទៅយក​មួកសុវត្ថិភាព ដោយ​បុរស​ខាងលើ បាន​បើក​ម៉ូតូ ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង គេច​ពី​រថយន្ត​កុង​តី​ន័​រ ដែល​នៅខាងមុខ បាន​រេ​ចង្កូត ទៅបុក​បង្កាន់ដៃស្ពាន បោក​ក្បាល​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​។ ចំណែក​ស្ត្រី​ដែល ជា​ប្រពន្ធ រួម​ដំណើរ​នៅ​ខាងក្រោយ​ប្តី​របស់គាត់ រងរបួស​ស្រាល​។​

​ក្រោយ​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​ក្រាំង​ពង្រ និងកម្លាំង​ជំនាញចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាលខណ្ឌដង្កោ ចុះទៅពិនិត្យ​និង​វាស់វែង រួចធ្វើ​កំណត់ហេតុ​ប្រគល់​សពឱ្យទៅ​ក្រុមគ្រួសារ យក​ទៅធ្វើ​បុណ្យតាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕

ដោយ​៖សហការី​


ចែករំលែក៖