ព័ត៌មានទាន់ហេតុការណ៍៖

បាតុភូតធម្មជាតិ ​៖ រន្ទះបាញ់​សម្លាប់​សត្វគោចំនួន៥ក្បាល នៅស្រុកថ្មពួក

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ ៖ បេី​យោងតាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលបានស្រុកថ្មពួក ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា៖​ ដោយ​សារតែបាតុភូតធម្មជាតិ​ កើតឡើងដោយរន្ទះបាញ់​ បានបាញ់សម្លាប់សត្វគោចំនួន០៥ក្បាល​ នៅភូមិកាប់ចោរ ឃុំភូមិថ្មី  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី៣១ ខែឧសភាម្សិលមិញនេះ​។​ បន្ទាប់ពី​មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយខ្សល់និងផ្គររន្ទះយ៉ាងខ្លាំង នៅឃុំចំនួន០៤ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកថ្មពួក​ រួមមាន៖ឃុំគំរូ ,ឃុំថ្មពួក,ឃុំភូមិថ្មី និងឃុំគោកកឋិន ។

របាយការណ៍ដដែល​ បានឱ្យដឹងទៀតថា​៖​ ម្ចាស់គោទី០១ឈ្មោះ គត់ សេងគី ភេទប្រុស អាយុ ៣៧ឆ្នាំ (សត្វគោងាប់) ចំនួន០៤ក្បាលមេ២ និងទី២ម្ចាស់ឈ្មោះ គុន កន ភេទប្រុស អាយុ៤០ឆ្នាំ (សត្វគោងាប់) ចំនួន០១ក្បាលញី ។ម្ចាស់សត្វទាំង០២នាក់រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ។

តាមការបំភ្លឺពីម្ចាស់សត្វគោទាំង០២នាក់ បានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានយកសត្វគោទៅចងឲ្យស៊ីស្មៅនៅខាងលិចភូមិ នៅពេលឃើញមេក្តៅខ្លាំងក៏ក៏យកគោទៅចងនៅក្រោមដើមឈើ ក្រោយ មកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់ និងផ្គររន្ទះ បានបាញ់សត្វគោទាំង០៥ក្បាល នោះងាប់ តែម្តង។ចំពោះមនុស្សពុំមានគ្រឿថ្នាក់អ្វីនោះទេ ។

ទាក់ទិននឹងមានបាតុភូមិដ៏អាក្រក់នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នេះជារដូវ​វស្សាបើទៅធ្វើស្រែ ចម្ការ ឃើញមេឃរកកលនឹងភ្លៀង ត្រូវរត់រកទីកន្លែងដែលមានសុវត្ថិភាព ព្រោះមានភ្លៀងភាគច្រើនគឺលាយឡំជាមួយខ្សល់និងផ្គររន្ទះ ៕

ដោយ​៖សហការី​


ចែករំលែក៖