ភ្នំពេញ៖ ដើម្បីស្រាវជ្រាវនឹងមានចំណាត់ការចំពោះជនបរទេសប្រើប្រាស់ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណពលរដ្ឋខ្មែរមិនប្រក្រតី ខុសច្បាប់ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ បានបេីកកិច្ចប្រជុំពិភាក្សាគ្នា។
កិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យមានការស្រាវជ្រាវចាត់វិធានការចំពោះជនបរទេសប្រើប្រាស់ឯកសារមិនក្រតី ខុសច្បាប់ តាមរយៈមន្ត្រីនគរបាលមូលដ្ឋានខិលខូចមួយចំនួននតូច ដែលលួចលាក់ធ្វើឯកសារខុសច្បាប់ជូនដល់ជនបរទេស ដែលមករស់ស្នាក់នៅខុសច្បាប់នៅក្នុងរាជធានីភ្នំពេញេ ជាថ្នូរនឹងការទទួលបានថវិកាពីអំពើខុសច្បាប់ ខណៈមានព័ត៌មានឱ្យដឹងថា គឺមានជនបរទេសមួយចំនួនបានកាន់កាប់ប្រើប្រើប្រាស់ឯកសារមិនប្រក្រតីខុសច្បាប់ ។
ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ស្នងការរងទទួលផែនការងារជំនាញទាំងពីរ រួមនឹង នាយការិយាល័យជំនាញចំណុះផែនការងារទាំងពីរ ក៏បានជជែកពិភាក្សាពីបញ្ហាប្រឈម និងនីតិវិធីមួយចំនួន ដើម្បីលើកយកពិភាក្សា និងដាក់ចេញវិធានការដោះស្រាយ មុននឹងក្រុមការងារចុះអនុវត្តជាក់ស្តែងលើបញ្ហាខាងលើនេះ ។
សូមបញ្ជាក់ថា ជុំវិញបញ្ហាជនបរទេសរស់ស្នាក់នៅខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ កាន់កាប់ប្រើប្រាស់ឯកសារខ្មែរមិនប្រក្រតី គឺកាលពីអំឡុងក្នុងកិច្ចប្រជុំកាលពីកន្លងទៅថ្មីៗនេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងនឹងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលមូលដ្ឋានខិលខូច ដែលហ៊ានធ្វើឯកសារដោយខុសច្បាប់ទៅឱ្យជនបរទេស។ ក្នុងនោះក៏ឱ្យមានការស្រាវជ្រាវវែកមុខចំពោះមន្ត្រីនគរបាលមូលដ្ឋានដែលប្រព្រឹត្តអំពើខុសច្បាប់ ដើម្បីនាំយកមកអនុវត្តតាមវិន័យនគរបាលជាតិ បើករណីប្រព្រឹត្តខុសធ្ងន់ធ្ងរនឹងចាត់វិធានការតាមផ្លូវច្បាប់ ។
ដោយឡែកចំពោះជនបរទេសដែលរកឃើញប្រើប្រាស់ឯកសារខ្មែរមិនប្រក្រតីខុសច្បាប់ ត្រូវដកហូតឯកសារទាំងនោះយកមករក្សាទុក ៕
ដោយ៖ស តារា