ខេត្តតាកែវ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនបន្ថែមអំពីករណីអំពើហិង្សាបង្កឡើងដោយឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ហើយមានការបង្ហោះវីដេអូរលើបណ្តាញសង្គមហ្វេសបុក ព្រមទាំងមានការចែករំលែកតគ្នាកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍នាំខ្លួនជនបង្កមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាទី នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រួចមក ដោយយោងតាមការស្នើសុំរបស់ឪពុកម្តាយ និងសាច់ញាតិ សុំមិនប្តឹងផ្តល់កូន ដោយសុំយកកូនទៅធ្វើការអប់រំដោយបញ្ជូនទៅមណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿងញៀនដោយខ្លួនឯង។
ក្រោយពីស្រាវជ្រាវលម្អិត បានពិនិត្យឃើញថា ករណីហិង្សាខាងលើ មិនបានបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរ និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានអនុញ្ញាតឱ្យអាណាព្យាបាលធានាឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ដើម្បីយកទៅអប់រំនៅមណ្ឌលអប់រំ កែប្រែ និងបន្សាបគ្រឿងញៀន និងបានបំពេញសំណុំបែបបទ និងកិច្ចសន្យាលាយលក្ខអក្សរលើកទីមួយ ចំពោះឈ្មោះ ប៉ឹង ពេជ្រ តាមសំណូមពររបស់អាណាព្យាបាល ក្នុងករណីថ្ងៃក្រោយមិនរាងចាលសមត្ថកិច្ចនឹងអនុវត្តតាមវិធានការច្បាប់៕
ដោយ៖ សូរិយា