ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តចប់)

ចែករំលែក៖

(តពីលេខមុន)

  ចំណីអាហារដែលជារុក្ខជាតិតាក់តែងបង្កើតបានជារូបកាយរបស់មនុស្ស មិនមែនជាធាតុសកម្ម គឺរូបធាតុនេះជាធាតុអសកម្មទេ ព្រោះមហាភូតរូបនេះមិនចេះធ្វើចលនាអ្វីទាំងអស់ ចំណែកឯវិញ្ញាណ ឬចិត្តទើបជាធាតុសកម្មរស់រាល់ចលនារបស់រូប គឺអាស្រ័យតែនឹងចិត្តជាធាតុឬជាកម្លាំងបញ្ជាប៉ុណ្ណោះ។ កាលបើចិត្តជាធាតុបញ្ជាយ៉ាងនេះ ត្រូវតែមានថាមពល ឯថាមពលនោះពិតជាបានចម្រាញ់ស្រូបយក ពីមហាភូតរូបរបស់រាងកាយដោយពិត ទើបមានបុគ្គលពួកខ្លះនៅទំនេរ តែជាអ្នកត្រិះរិះច្រើនខ្វាយខ្វល់អផ្សុកច្រើន បែរជាអស់កម្លាំង ឆាប់ស្រេកឃ្លានជាងពួកជនដែលមានការងារធ្វើទៅទៀត។ រូបរាងកាយប្រកបដោយមហាភូតរូប កើតចេញពីចំណីអាហារ ជាធម្មជាតិទ្រទ្រង់ចិញ្ចឹមជីវិតរបស់មនុស្សឱ្យតាំងនៅ កាលរូបរាងកាយត្រូវភ្លើងក្តៅជាប្រចាំយ៉ាងនេះ កោសិការបស់សរីរាង្គជាមហាភូតរូប រមែងមានចលនាយ៉ាងសកម្មឥតឈប់ឈរ រូបរាងកាយក៏រមែងក្តៅហើយបែកផ្សែងជាប្រចាំ នាំឲ្យកោសិកាជាមហាភូតរូបឆាប់រិចរឹល ឆាប់ងាប់ ឆាប់ខ្សោះជាតិទឹក ឆាប់ទ្រុឌទ្រោម គ្រាំគ្រារូបរាងកាយក៏ងាយនឹងក្រុមគ្រាទៅគ្រាំគ្រាទៅៗ ជាកោសិកាជីវិត គង់ឆាប់រលត់ទៅជាធម្មតា ទើបមានន័យថា មនុស្សឆាប់ស្លាប់ មានអាយុខ្លី មានសម្បុរមិនភ្លឺថ្លាចែងចាំងនោះ ។

  ចំណែកចិត្តបរិសុទ្ធផូរផង់ប្រាសចាកលោភៈ ទោសៈ មោហៈ ដែលមានឈ្មោះហៅថា បញ្ញានោះ បញ្ញានេះជាសុភាវៈនៃចិត្តត្រជាក់ ចិត្តស្ងប់ ជាសភាវៈនៃសេចក្តីសុខពិត ជាចិត្តនឹងធឹងមិនញាប់ញ័រនឹងអារម្មណ៍ ជាចិត្តប្រាសចាកអស់នូវសេចក្តីស្រឡាញ់ ស្អប់ មានសភាពចិត្តឧបេក្ខា។ កាលចិត្ត គឺបញ្ញានេះបង្អោនទៅរកអារម្មណ៍ រក្សានូវសភាពជាឧបេក្ខាដដែល មិនព្រះចាកសភាវៈនៃខ្លួន គឺត្រិះរិះពិចារណាឃើញច្បាស់ថា លោភៈទោសៈ បានកើតរលត់មុននោះគឺជាកិលេសជាមោហៈទេ ។ កាលអាត្មាអញទុកបណ្ដែតបណ្ដោយឲ្យលោភៈ ឬទោសៈ កើតរលត់បន្តទៅទៀតឃើញថា ឥតប្រយោជន៍សោះទទេ រួចក៏បង្វែរវត្តកវិចារៈមកត្រិះរិះពិចារណា រកឱ្យឃើញលក្ខណៈពិត អត្ថប្រយោជន៍ពិត កិលេសដែលជារបស់ក្តៅ ក៏រលត់ទៅឯង បញ្ញាដែលជាសភាវៈត្រជាក់ សេចក្តីសុខរមែងរលត់ឡើងជំនួសសភាវៈក្តៅនោះបានយ៉ាងប្រាកដ។

  សភាវៈនៃបញ្ញាដែលមានការប្រព្រឹត្តយ៉ាងត្រជាក់សុខស្ងប់បែបនេះ ពុំមានតម្រូវការចំណីអាហារដែលច្រើនបង្កើតជាកម្តៅដូចកិលេសឡើយ ។ ទើបរូបកាយរបស់ពួកអរិយជនដែលស្ងួតកិលេស រមែងមានរូបកាយត្រជាក់ សម្បុរភ្លឺថ្លាចែងចាំង ចេញពីកាយ។ បុគ្គលមានចិត្តព្រួយខ្វាយខ្វល់ច្រើន ដកដង្ហើមបញ្ចេញឧស្ម័នពុលក៏ច្រើន ដកដង្ហើមចេញចូលខ្យល់បរិសុទ្ធក៏ច្រើន ។ អាការៈដកដង្ហើមចេញចូលនាំឲ្យបេះដូងដើរញាប់ជាងប្រក្រតីនេះ ពិតជាបានបង្ហាញអំពីការប្រើប្រាស់មហាភូតរូបដ៏ច្រើនរបស់កិលេសនេះដោយពិត សាច់ក្តៅនោះពិតជាបានធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ចរាចរណ៍ឈាមបានដោយលំបាក ឈាមស្អិតមានសម្បុរខ្មៅដោយសារធាតុពុលមនុស្ស រមែងមានសម្បុរមិនភ្លឺថ្លាអាយុវែងខ្លីជាធម្មតា។ ការប្រើប្រាស់នៅថាមពលរបស់ជីវិតយ៉ាងច្រើនរបស់កិលេស ការដកដង្ហើមចេញចូល បេះដូងដើរញាប់ជាងប្រក្រតីយ៉ាងនេះហៅថា ហត់ដង្ហក់ ឬហៅថាហត់នឿយយ៉ាងនេះក៏បាន។

  ការប្រើប្រាស់ថាមពលរបស់សារធាតុចិញ្ចឹម យ៉ាងតិចនិងត្រជាក់របស់បញ្ញា រមែងនាំឲ្យសាច់ឈាមត្រជាក់ មិនមានសារធាតុឧស្ម័នពុល មិនមានកាកសំណល់ធ្យូងនៅក្នុងសរីរាង្គ ឈាមមានសភាពស្រស់ថ្លាល្អ ឈាមជាមហាភូតរូបតាក់តែងរូបកាយរបស់មនុស្សរក្សាភាពបរិសុទ្ធបានល្អ មិនឆាប់សឹករិចរឹល មិនទ្រុឌទ្រោមគ្រាំគ្រាយ៉ាងនេះរមែងតាំងនៅបានយូរជាធម្មតា។ កាលបើមហាភូតរូបទាំងខាងក្នុង ទាំងខាងក្រៅបរិសុទ្ធល្អផូរផង់ ៊។ មហាភូតរូបជាធម្មជាតិទ្រទ្រង់រក្សាជីវិតឲ្យតាំងនៅ កាលរូបធម៌មិនងាយនិងបែកធ្លាយតាំងនៅបានយូរនោះ ក៏រមែងនាំឲ្យពណ៌សម្បុរ ក៏រមែងភ្លឺថ្លាអាយុជីវិតរមែងតាំងនៅបានយូរជាធម្មតា៕

 (ចប់ដោយបរិបូណ៌)

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖