ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី ដែលមានទីតាំង នៅទល់មុខវិទ្យាពហុបច្ចេកទេសភូមិភាគតេជោសែន បាត់ដំបង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅក្បែរវេទិកាអុំទូកបាត់ដំបងចាស់ ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ។
សូមបញ្ជាក់ថា, វេទិកាអុំទូកបាត់ដំបងថ្មីនេះ មានបណ្ដោយ៣៧ម៉ែត្រ ទទឹង១៨ម៉ែត្រ និងកម្ពស់១៨,៣៥ម៉ែត្រ ដែលរចនាឡើងតាមទម្រង់បែបបទបែបខ្មែរ ហើយតាមផែនការនឹងសម្រេចការសាងសង់ឱ្យបានមុនពិធីបុណ្យអុំទូកបាត់ដំបងនាពេលខាងមុខនេះ ។ ចំណែកវេទិកាអុំទូកបាត់ដំបងថ្មីនេះផងដែរ មានសមត្ថភាពអាចផ្ទុកមនុស្សបានជាង៣០០នាក់ផងដែរ ៕
ដោយ ៖ សហការី