យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅក្នុងបរិវេណមន្ទីរពេទ្យនៃតំបន់ Tulsa ក្នុងរដ្ឋ Oklahoma កាលពីថ្ងៃទី១ខែមិថុនា ។ ការបាញ់ប្រហារកើតឡើងក្នុងពេលដែលពលរដ្ឋអាមេរិកនៅមិនទាន់អស់ភ័យពីការបាញ់ប្រហារនាពេលកន្លងមកនៅរដ្ឋតិចសាស់។
ហេតុការណ៍នៃការបាញ់ប្រហារខាងលើកើតឡើងនៅក្នុងបរិវេណមន្ទីរពេទ្យ St. Francis ក្នុងទីក្រុង Tulsa រដ្ឋ Oklahoma នាល្ងាចថ្ងៃទី១ខែមិថុនា (ពេលវេលាអាមេរិក) ដែលជនដៃដល់គឺជាបុរសម្នាក់កាន់កាំភ្លើងបង្ហាញវត្តមាននៅអគារ Natalie Medical ។
អ្នកនាំពាក្យកម្លាំងប៉ូលិសក្នុងតំបន់បានឱ្យដឹងថា មកទល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនៅឡើយទេ ក៏ដូចជាអត្តសញ្ញាណជនដៃដល់ ។ ប៉ុន្តែកម្លាំងប៉ូលិសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងគជាបុរសជនជាតិស្បែកខ្មៅមានអាយុចាប់ពី៣៥-៤០ឆ្នាំ។
លោក Richard Meulenberg មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស៤នាក់ស្លាប់នៅនឹងកន្លែង ហើយម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕ ដោយ៖ ធីរីណា
រូបថត ៖ នាយកដ្ឋានប៉ូលីស Tulsa