ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ បានសរសើរមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសរសើរ មន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំង កាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យជំងឺ កូវីដ-១៩ ក្នុងរយៈពេល២៦ថ្ងៃនេះ មិនមានឆ្លងនៅកម្ពុជា ។

   ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ   នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។

   លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ ការជោគជ័យទៅលើការគ្រប់គ្រងជំងឺកូវីដ-១៩ ទៅតាមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន គឺពិតជា មានការចូលរួមចំណែកមិនអាចខ្វះបានពីបងប្អូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីបងប្អូនមួយចំនួនបានឆ្លងនូវជំងឺកាចសាហាវនេះក៏ដោយក៏បងប្អូនមិនរុញរា តស៊ូជាមួយសម្តេចតេជោហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើឱ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។ 

   លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបំរើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយលោកសូមឱ្យបន្តខិតខំបំរើសេវានេះ ឱ្យកាន់តែល្អបន្ថែមទៀត។ បន្ថែមពីនេះ លោក ឃួង ស្រេង សូមអោយបងប្អូនជាមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃទី០៥ មិថុនានេះ។

   លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏ បានមានប្រសាសន៍លើកឡើងពីរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជា ហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល ។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន សម្តេចបានរំដោះប្រទេសកម្ពុជាដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ខ្នងនិងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។

  លោក ឃួង ស្រេង សូមអោយប្អូនៗជាមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់អោយបានច្បាស់ពីប្រវត្តសាស្ត្រពិតរបស់កម្ពុជាពិសេសនៅក្នុងរបបប៉ុលពត និងពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន បើគ្មានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះទេ។

  លោក ឃួង ស្រេង សូមអោយបងប្អូនត្រូវ ដឹងខ្លួនឯងអោយបានច្បាស់ ថាចេញពីពិភពអី ហើយដើរទៅចំណុចណា៕

ដោយ ៖ សំរិត


ចែករំលែក៖